រដ្ឋមន្ត្រីការបរទេសចិន៖ «ចិន និងអឺរ៉ុបគឺជាដៃគូនឹងគ្នា មិនមែនគូប្រជែងនោះឡើយ»

(ព្រុចសែល)៖ នៅក្នុងដំណើរទស្សនកិច្ចនៅទីកាន់ទីក្រុងព្រុចសែល នៃប្រទេសប៊ែលហ្សិក ដែលជាទីស្នាក់ការកណ្តាលនៃសហភាពអឺរ៉ុបនោះ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានលើកឡើងថា ប្រទេសចិន និងសហភាពអឺរ៉ុបគឺជាដៃគូនឹងគ្នា មិនមែនគូប្រជែងនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩។

នៅក្នុងឱកាសចូលរួមវេទិកាមួយ ដែលត្រូវបានរៀបចំឡើង ដោយមជ្ឈមណ្ឌលនយោបាយអឺរុប លោក វ៉ាង បានលើកឡើងយ៉ាងដូច្នេះថា «នាប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានដឹងលឺអំពីការជជែកដេញដោលគ្នា ពាក់ព័ន្ធទៅនឹងប្រទេសចិន។ ក្នុងនោះមតិមួយចំនួនបានលើកឡើងថា ចិនបានក្លាយជាគូប្រជែងរបស់អឺរ៉ុបនៅក្នុងវិស័យសេដ្ឋកិច្ច ហើយចិនគួរតែទទួលការរឹតត្បិត នៅគ្រប់ទម្រង់ទាំងអស់»។

ឆ្លើយតបទៅនឹងការលើកឡើងកន្លងមកនេះ លោក វ៉ាង ក្នុងនាមជាទីប្រឹក្សារដ្ឋចិនផងដែរ បានឆ្លើយតបវិញថា «ទោះបីវាមិនមែនជាទស្សនគោលក៏ដោយ ក៏យើងត្រូវតែបង្កើនការប្រុងប្រយ័ត្ន និងមិនអនុញ្ញាតឱ្យវាកន្លងផុតទៅ ដោយគ្មានការត្រួតពិនិត្យឡើយ។ ជាការពិតមនុស្សដែលមានគំនិតវែងឆ្ងាយ ជាមួយទស្សនៈប្រកបដោយគោលដៅ នោះពួកគេនឹងឃើញច្បាប់ថា ចិន និងអឺរ៉ុបមានកិច្ចសហប្រតិបត្តិការ ដែលដើរកាន់តែឆ្ងាយពីការប្រកួតប្រជែងរួចហើយ។ យើងជាដៃគូ មិនមែនគូប្រជែងនោះទេ»។

គួរបញ្ជាក់ថា ទោះបីជាលោក វ៉ា យី មិនបានលើកឡើងចំៗអំពីនរណាម្នាក់ក៏ដោយ ប៉ុន្តែគ្រប់គ្នាប្រាកដជាដឹងថា បច្ចុប្បន្នសហរដ្ឋអាមេរិកកំពុងតែស្វះស្វែងយ៉ាងខ្លាំង ក្នុងការកៀរគរសម្ព័ន្ធមិត្តរបស់ខ្លួនជាពិសេសអឺរ៉ុប ឲ្យមានការប្រុងប្រយ័ត្នចំពោះចិន ហើយអ្វីដែលជាភាពជាក់ស្តែងនោះ គឺទៅលើការតភ្ជាប់បណ្តាញសេវា 5G ដ៏សំខាន់នៅបណ្តាប្រទេសជាច្រើននៅសហភាពអឺរ៉ុប ដែលបានជ្រើសយកក្រុមហ៊ុន Huawei របស់ចិនធ្វើជាដៃគូរបស់ពួកគេ ដែលប្រការនេះកំពុងធ្វើឲ្យអាមេរិកមិនពេញចិត្តជាខ្លាំង ព្រោះទីក្រុងវ៉ាស៊ីនតោនចាត់ទុក Huawei ជាក្រុមហ៊ុនដែលអាចលួចស៊ើបការណ៍សម្ងាត់ ឲ្យទៅរដ្ឋាភិបាលប៉េកាំង ទាំងដែលកន្លងមកនេះ គ្មានភស្តុតាងណាបញ្ជាក់ទាល់តែសោះ៕


Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម