លោក ដូណាល់ ត្រាំ នឹងមិនទៅចូលរួមសវនាការស្តាប់ ដែលមានគោលដៅទម្លាក់លោក ពីតំណែងប្រធានាធិបតីនោះឡើយ

(វ៉ាស៊ីនតោន)៖ សេតវិមាននៃរដ្ឋធានីវ៉ាស៊ីនតោនបានប្រកាសថា លោកប្រធានាធិបតី ដូណាល់ ត្រាំ និងក្រុមមេធាវីរបស់លោក នឹងមិនទៅចូលរួមសវនាការស្ដាប់ ដើម្បីឈានទៅរកកិច្ចដំណើរការនីតិវិធីដកតំណែងប្រធានាធិបតី ដែលគ្រោងនឹងប្រព្រឹត្តទៅនៅឯសភាតំណាងរាស្ត្រ នាថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) នោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០១៩។

នៅក្នុងលិខិមួយច្បាប់ ដែលចុះផ្សាយមុនគេដោយសារព័ត៌មាន Politico សេតវិមានបានបញ្ជាក់ថា លោក ដូណាល់ ត្រាំ សម្រេចចិត្តមិនចូលរួម ដោយសារតែមិនរំពឹងទទួលបានយុត្តិធម៌ នៅក្នុងសវនាការ នៃសភាតំណាងរាស្ត្រ គ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ។ មិនតែប៉ុណ្ណោះ លិខិតដដែលក៏បានចោទប្រកាន់ផងដែរថា គណៈកម្មធិការយុត្តិធម៌ «គ្មានភាពយុត្តិធម៌» នៅក្នុងការស៊ើបអង្កេត ហើយការអញ្ជើញលោក ត្រាំ ឱ្យចូលរួមក្នុងសវនាការស្ដាប់នៅថ្ងៃទី០៤ ខែធ្នូ មិនបានផ្ដល់ពេលវេលាគ្រប់គ្រាន់ឱ្យសេតវិមានរៀបចំខ្លួន និងមិនបានផ្ដល់ព័ត៌មានពីសាក្សីដែលត្រូវចូលរួមទៀតផង។

យ៉ាងណាក៏ដោយ សេតវិមានអាមេរិកមិនបានបញ្ជាក់លម្អិតថា តើលោក ត្រាំ នឹងចូលរួមក្នុងសវការស្ដាប់លើកទី ២ ដែលមិនទាន់កំណត់ពេលវេលាដែរ ឬក៏យ៉ាងនោះទេ ដោយគ្រាន់តែអះអាងថា នឹងផ្ដល់ចម្លើយតបដាច់ដោយឡែកមួយផ្សេងទៀត។ ប៉ុន្តែបើតាមមន្ត្រីនៃគណៈកម្មធិការយុត្តិធម៌ លោក ហ្សែរ៉ូលដ៍ ណេដឡឺ (Jerrold Nadler) បានប្រាប់លោក ត្រាំ កាលពីសប្តាហ៍មុនថា បើលោកមិនទៅចូលរួមក្នុងសវនាការស្ដាប់ទេ សូមកុំរិះគន់ ឬតវ៉ាលើនីតិវិធីរបស់សភាតំណាងរាស្ត្រទៀត។

គួរជម្រាបថា បច្ចុប្បន្នលោក ដូណាល់ ត្រាំ កំពុងប្រឈមមុខនឹងការស៊ើបអង្កេត ដើម្បីដំណើរការនីតិវិធីដកតំណែងប្រធានាធិបតី ពីសំណាក់សភាតំណាងរាស្ត្រអាមេរិក គ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ដែលចោទលោកថា បានរំលោភអំណាច និងស្នើឱ្យបរទេសគឺអ៊ុយក្រែន លូកដៃចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក តាមរយៈការដាក់សម្ពាធឱ្យរដ្ឋាភិបាលទីក្រុងកៀវ បើកការស៊ើបអង្កេតពីបទពុករលួយប្រឆាំងលោក ចូ បៃដិន (Joe Biden) នៃគណបក្សប្រជាធិបតេយ្យដែលគេរំពឹងថា នឹងក្លាយជាគូប្រជែងដ៏ធំរបស់លោក ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាចុងឆ្នាំ២០២០៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម