ការប្រកួតកីឡា អបអរបុណ្យសមុទ្រ លើកទី៨ ទទួលបានជោគជ័យធំៗពីរ

(កំពត)៖​ ពិធីបុណ្យសមុទ្រ លើកទី៨ នៅខេត្តកំពតបានបញ្ចប់ហើយ ក្រោយដំណើរការ ៣ថ្ងៃចាប់ពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩។ ទន្ទឹមជាមួយគ្នា សកម្មភាពកីឡា ដែលត្រូវបានរៀបចំអបអរសាទរព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ ក៏បានបញ្ចប់ដោយជោគជ័យដែរ អមនូវសមិទ្ធផលធំៗពីរ គឺការចូលរួមលេងផ្ទាល់ និងកំណើនអ្នកចូលរួមទស្សនា។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានឲ្យដឹងថា រយៈពេល ៣ថ្ងៃមកនេះ ក្រៅពីសកម្មភាពតាំងពិព័រណ៌ សិល្បៈ និងសកម្មភាពផ្សេងៗ សកម្មភាពកីឡាក៏ទទួលបានជោគជ័យយ៉ាងអធិកអធមផងដែរ រហូតទទួលបានការកោតសរសើរពីប្រតិភូកីឡាអន្ដរជាតិ ដែលបានអញ្ជើញចូលរួមព្រឹត្តិការណ៍នេះទៀតផង។

លោកថា «ជោគជ័យឆ្នាំនេះ ទី១-យើងបានតម្លើងគុនភាពក្នុងការរៀបចំពីកម្រិតពាក់កណ្ដាលអាជីព ទៅកម្រិតអាជីព ហើយតាមការវាយតម្លៃ គ្រាន់តែអ្នកចូលរួមលេងផ្ទាល់ គឺមានរហូតដល់ជាង ៣,០០០នាក់ តាំងពីអ្នករត់ ជិះកង់ លើកទម្ងន់ និងកីឡាករអន្ដរជាតិជាដើម ដែលបង្ហាញនូវការវិវត្តន៍ និងភាពរីកចម្រើនថ្មីមួយ សម្រាប់សកម្មភាពកីឡា។ ទី២-ការវិវត្ដន៍ផ្នែកអ្នកទស្សនា និងគាំទ្រ ដោយឆ្នាំនេះ មានប្រជាពលរដ្ឋ និងភ្ញៀវបរទេសច្រើន បានចូលរួមទស្សនាផ្ទាល់ ពិសេសកីឡា ២ប្រភេទ ដែលទាក់ទាញអ្នកទស្សនាច្រើនជាងគេ គឺកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ និងម៉ូតូទឹក ដែលជាការប្រកួតលក្ខណៈអន្ដរជាតិ ហើយបានទាក់ទាញអ្នកទស្សនាប្រមាណ ១៥,០០០នាក់ ក្នុងរយៈពេល ៣ថ្ងៃ»។

បន្ថែមលើនេះលោក វ៉ាត់ ចំរើន បានអះអាងថា នៅក្នុងបុណ្យសមុទ្រឆ្នាំក្រោយៗ ដើម្បីចូលរួមជាមួយសកម្មភាពរបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ NOCC នឹងព្យាយាមបង្កើនការប្រកួតកម្រិតថ្នាក់ជាតិ ទៅរកកម្រិតអន្ដរជាតិកាន់តែច្រើន ដើម្បីបង្កើនភាពទាក់ទាញ និងមាននិរន្ដភាពក្នុងការអភិវឌ្ឍន៍នូវព្រឹត្តិការណ៍កីឡា អបអរពិធីបុណ្យសមុទ្រជារៀងរាល់ឆ្នាំ៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម