លោក ស៊ី ជិនពីង ប្រាប់ទៅលោក ដូណាល់ ត្រាំ៖ «ទង្វើលូកលាន់របស់អាមេរិក កំពុងបំផ្លាញផលប្រយោជន៍ចិន»

(ប៉េកាំង)៖ អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានលើកឡើងអំពីការព្រួយបារម្ភរបស់ចិន ជុំវិញសេចក្តីថ្លែងការណ៍នានាកន្លងមករបស់អាមេរិក ពាក់ព័ន្ធបញ្ហាកោះតៃវ៉ាន់ ទីក្រុងហុងកុង និងតំបន់ស៊ីនជាំង ដែលសហរដ្ឋអាមេរិកនៅតែបន្តលូកលាន់ កិច្ចការផ្ទៃក្នុងចិនកាន់តែច្រើនឡើងៗ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៩។

ខណៈដែលលោក ដូណាល់ ត្រាំ បង្ហាញសញ្ញាវិជ្ជមានចំពោះកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយលោក ស៊ី ជិនពីង ពាក់ព័ន្ធនឹងកិច្ចចរចាពាណិជ្ជកម្មតំណាក់កាលទី១ ដែលទើបសម្រចកាលពីសប្តាហ៍មុននេះ ប្រទេសចិនហាក់មិនសប្បាយចិត្តនៅឡើយ ពាក់ព័ន្ធការអនុម័តច្បាប់កន្លងដោយសហរដ្ឋអាមេរិក ក្នុងន័យលូកលាន់កិច្ចការផ្ទៃក្នុង ហុងកុង តៃវ៉ាន់ និងស៊ីនជាំងជាដើម។ ប្រមុខដឹកនាំចិនបានសង្កត់ធ្ងន់ថា «ទង្វើលូកលាន់របស់អាមេរិក កំពុងបំផ្លាញផលប្រយោជន៍ចិន»។

ជុំវិញបញ្ហានេះលោក ស៊ី ជិនពីង បានសម្តែងនូវការជឿជាក់ថា សហរដ្ឋអាមេរិកនឹងស្វែងយល់អំពីការព្រួយបារម្ភនានារបស់ចិន ដោយភាពទទួលខុសត្រូវខ្ពស់បំផុត តាមរយៈការចាត់ទុកក្តីព្រួយបារម្ភរបស់ចិនទាំងនេះ ជាភាពចាំបាច់ដែលត្រូវដោះស្រាយ ដើម្បីការពារកុំឲ្យទំនាក់ទំនងទ្វេភាគី និងដំណើរការកិច្ចការដែលសំខាន់ផ្សេងៗទៀតត្រូវរាំងស្ទះ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហោះនៅលើ Twitter របស់លោកថា លោក និងលោកប្រធានាធិបតីចិន ស៊ី ជិនពីង បានធ្វើការពិភាក្សាគ្នាតាមទូរស័ព្ទដ៏ល្អខ្លាំងណាស់ ពាក់ព័ន្ធទៅនឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។ កិច្ចសន្ទនានេះបានកើនឡើង បន្ទាប់ពីប្រទេសទាំងពីរ សម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១ (រង់ចាំតែថ្ងៃចុះហត្ថលេខា) ដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្ម ១៧ខែមកនេះ៕


Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម