អតីតមន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប «ចេញមុខរិះគន់ធ្ងន់ៗលើលោក ដូណាល់ ត្រាំ» ដែលកំពុងលេងនយោបាយបែបមើលស្រាល លើកូរ៉េខាងជើងជ្រុលពេក!

(វ៉ាស៊ីនតោន)៖ អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បូលតុន (John Bolton) នាដើមសប្តាហ៍នេះបានចេញមុខរិះគន់ធ្ងន់ៗ លើគោលនយោបាយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពាក់ព័ន្ធកូរ៉េខាងជើង ដោយលោកបានព្រមានថា ប្រទេសនេះគឺជាការគំរាមកំហែងដ៏ធំបំផុតមួយ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០១៩។

ក្នុងសារមួយបង្ហោះលើបណ្តាញសង្គម Twitter លោក Bolton បានលើកឡើងថា ហានិភ័យចំពោះកងទ័ព និងសម្ព័ន្ធមិត្តរបស់អាមេរិក គឺធំសម្បើមខ្លាំងណាស់ ហើយចាំបាច់តម្រូវឲ្យមានគោលនយោបាយថ្មី ដែលមានប្រសិទ្ធភាពជាងបច្ចុប្បន្ន មុនពេលកូរ៉េខាងជើងមានបច្ចេកវិទ្យាកាន់តែទំនើបខ្លាំងថែមទៀត ដែលអាចបង្កការគំរាមកំហែងកាន់តែអាក្រក់ ចំពោះសហរដ្ឋអាមេរិកទាំងមូល។

ជាមួយគ្នាដែរ នៅក្នុងបទសម្ភាសន៍មួយជាមួយវែបសាយព័ត៌មាន អាហ្ស៊ីយ៉ូស (Axios) លោក John Bolton បានបង្ហាញការយល់ឃើញថា តាមពិតរដ្ឋបាលលោក ត្រាំ ពុំមានបំណងទប់ស្កាត់ទីក្រុងព្យុងយ៉ាង ពីការក្លាយខ្លួនទៅជាមហាអំណាចនុយក្លេអ៊ែរ ដែលមានការទទួលស្គាល់ថា អាចបាញ់មីស៊ីលផ្លោង ទៅកាន់ប្រទេសដទៃឡើយ ព្រោះថាបើមិនដូច្នោះទេ ទីក្រុងវ៉ាស៊ីនតោនច្បាស់ជាជ្រើស រើសយកផ្លូវផ្សេងពីបច្ចុប្បន្ននេះហើយ។

លោក Bolton ក៏បានរិះគន់លោក ត្រាំ ផងដែរ ចំពោះការដែលនិយាយថា ការធ្វើតេស្តមីស៊ីលរយៈចម្ងាយខ្លីរបស់កូរ៉េខាងជើងកន្លងនេះ មិនជាបញ្ហាធំដុំអ្វីឡើយ។ បើតាមលោក Bolton ការលើកឡើងបែបនេះ ប្រៀបដូចជាមានន័យថា លោក ត្រាំ មិនខ្វាយខ្វល់ពីសុវត្ថិភាពរបស់កងទ័ពអាមេរិក ដែលឈរជើងនៅក្នុងតំបន់ ឬមួយក៏សន្ធិសញ្ញារបស់អាមេរិកជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដូចជាជប៉ុននិងកូរ៉េខាងត្បូងយ៉ាងដូច្នោះ។

គួរជម្រាបថា លោក John Bolton នេះហើយ គឺជាបុគ្គលដែលបានបង្ហាញការសង្ស័យដោយបើកចំហ ចំពោះកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្ត រវាងលោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកំពូលរបស់កូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន ហើយបានជំរុញឲ្យលោកប្រធានាធិបតីអាមេរិក មានការប្រុងប្រយ័ត្នខ្ពស់។
ខណៈកិច្ចប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ បានជាប់គាំងចាប់តាំងពីកិច្ចប្រជុំកំពូលលើកទីពីររវាងលោក ត្រាំ និងលោក គីម នៅវៀតណាមកាលពីខែកុម្ភៈ ឆ្នាំ២០១៩ បានបញ្ចប់ទៅដោយបាតដៃទទេ កូរ៉េខាងជើងកាលពីដើមខែធ្នូនេះបានសន្យានឹងផ្តល់ «កាដូពិសេសមួយ» ដល់ទីក្រុងវ៉ាស៊ីនតោន ប្រសិនបើសហរដ្ឋអាមេរិកមិនផ្លាស់ប្តូរគោលជំហររបស់ខ្លួន ឲ្យបានមុនដំណាច់ឆ្នាំ២០១៩នេះ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម