សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី បើកការប្រកួតវាយកូនគោល «ពានរង្វាន់សម្តេចតេជោ នាយករដ្ឋមន្ត្រីលើកទី៤»

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីបើកការប្រកួតវាយកូនគោល «ពានរង្វាន់សម្តេចតេជោ នាយករដ្ឋមន្រ្តីលើកទី៤»។ ពិធីនេះរៀបចំធ្វើឡើងនៅតារាងវាយកូនគោលវឌ្ឍនៈហ្គោលរីសត ក្នុងខេត្តកណ្តាល។

ការប្រកួតនេះមានកីឡាករជាតិ-អន្តរជាតិចូលរួមប្រកួតសរុប ១៧៩រូប ក្នុងនោះមានកីឡាករអន្តរជាតិចំនួន ៣៣រូប និងកីឡាករនារីចំនួន ២៣រូប។ ការប្រកួតវាយកូនគោលថ្ងៃនេះមានបីប្រភេទរួមមាន‌៖ ការប្រកួតលក្ខណៈជាក្រុម, ការប្រកួតឯកត្តជននារី និងការប្រកួតឯកត្តជនបុរស។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានថ្លែងក្នុងពិធីបើកការប្រកួតវាយកូនគោលនោះថា ការប្រកួតនេះ ដើម្បីអបអរសាទរខួបលើកទី២១ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងគូសបញ្ជាក់ថា សុខសន្តិភាព និងសេរីភាពនៃប្រជាជាតិខ្មែរ នាពេលបច្ចុប្បន្ននេះស្តែងចេញពីការលះបង់ និងការតស៊ូដែលយក ជីវិតមកធ្វើជាដើមទុនក្នុងដំណើរស្វែងរកការសង្រ្គោះជាតិ សន្តិភាព និងសេចក្តីសុខរបស់ប្រជាជនខ្លួន។ ប្រវត្តិសាស្រ្តដ៏ជូរចត់ទាំងនេះ គឺជាសារដ៏សំខាន់មួយដែលបញ្ជាក់ថាការដែលកម្ពុជាឈានដល់កម្រិតអភិវឌ្ឍន៍មួយដែលអាចប្រៀបធៀបជាមួយនឹងប្រទេសមួយចំនួននៅក្នុងតំបន់ ព្រមជាមួយការសម្រេចបានកំណើនសេដ្ឋកិច្ចលូតលាស់ឥតឈប់ឈរនេះ គឺកើតចេញពីសមិទ្ធិផលនៃការដាក់ចេញ និងការអនុវត្តនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន យ៉ាងពិតប្រាកដដែលប្រជាជនខ្មែរគ្រប់រូបត្រូវចងចាំ និងដឹងពីគុណតម្លៃនៃការលះបង់ដ៏ធំធេងនេះ។

បន្ទាប់ពីការថ្លែងសុន្ទរកថារបស់សម្តេចពិជ័យសេនា ទៀ បាញ់ ហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញវាយកូនគោលនិម្មិតរូបបើកការប្រកួត។

សូមបញ្ជាក់ថា ការប្រកួតនេះមានរយៈពេលមួយថ្ងៃ ហើយសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបិទការប្រកួត និងប្រគល់រង្វាន់ដល់កីឡាករជយលាភីនៅរាត្រីនេះ៕









Comments

Popular posts from this blog

ធនាគារជាតិនៃកម្ពុជា៖ អ្នកដាក់ប្រាក់ញ្ញើមានជាង៦លាននាក់ ខណៈអ្នកខ្ចីប្រាក់មាន២.៨៥លាននាក់ ក្នុងឆ្នាំ២០១៨

ប្រធានគណបក្សប្រជាជនខេត្តព្រះវិហារ ជំរុញឲ្យប្រធានក្រុមបក្សតាមមូលដ្ឋានទាំងអស់ ត្រូវរួមសហការជាមួយមន្ត្រីជំនាញ ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ឲ្យបានទាន់វេលា

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ «កិច្ចសហប្រតិបត្តិការទីផ្សារ មូលធនក្នុងតំបន់ទន្លេមេគង្គ» !