ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ត្រៀមស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុន និងប្រធានាធិបតីកូរ៉េខាងត្បូង នៅក្នុងកិច្ចប្រជុំត្រីភាគីដ៏សំខាន់!

(ប៉េកាំង)៖ មេដឹកនាំជប៉ុន និងកូរ៉េខាងត្បូងនឹងត្រូវជួបពិភាក្សាការងារជាមួយ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ក្នុងទីក្រុងប៉េកាំងនៅថ្ងៃចន្ទនេះ ខណៈមានការព្រួយបារម្ភជាច្រើន ពីការប្រឈមមុខដាក់គ្នាជាថ្មីរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ដែលនឹងបង្កឲ្យប្រទេសក្នុងតំបន់អាស៊ីជួបការលំបាក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩។

បើតាមគ្រោងទុក ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន រួមទាំងនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ នឹងត្រូវជួបលោក ស៊ី ជិនពីង ក្នុងជំនួបដាច់ដោយឡែកមួយនៅទីក្រុងប៉េកាំង មុននឹងមេដឹកនាំទាំងពីរបន្តដំណើរទីក្រុង ចឹងទូ (Chengdu) ស្ថិតនៅភាគនិរតីប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំត្រីភាគី ជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ខឺជាំង (Li Keqiang)។ ចំណែកឯបញ្ហាសេដ្ឋកិច្ច ភាពតានតឹងបច្ចុប្បន្នរវាងទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ ក៏ដូចជាសំណុំរឿងកូរ៉េខាងជើង នឹងក្លាយជារបៀបវារៈសំខាន់សម្រាប់កិច្ចប្រជុំកំពូលត្រីភាគីនេះ។

គួរជម្រាបថា ជំនួបរវាងមេដឹកនាំចិន ជប៉ុន កូរ៉េខាងត្បូង ធ្វើឡើងខណៈស្ថានភាពនៅលើឧបទ្វីបកូរ៉េ ព្រមទាំងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង កំពុងតានតឹងខ្លាំងឡើងវិញជាថ្មី លាយឡំជាមួយសង្រ្គាមពាក្យសម្ដី គំរាមកំហែងដាក់គ្នាទៅវិញទៅមក។ ជាក់ស្ដែងលោក គីម ជុងអ៊ុន កាលពីថ្ងៃអាទិត្យម្សិលមិញ ក៏បានបើកកិច្ចប្រជុំជាមួយយោធាជាន់ខ្ពស់របស់ខ្លួនផងដែរ ដើម្បីពិភាក្សាពីការពង្រឹងសមត្ថភាពការពារជាតិ ប្រឈមមុខនឹងការគំរាមកំហែងនានា ពីសំណាក់ទីក្រុងវ៉ាស៊ីនតោន ស្របពេលឱសានវាទដែលលោក គីម បានដាក់ឱ្យលោក ដូណាល់ ត្រាំ លុបចោលទណ្ឌកម្មសេដ្ឋកិច្ច និងស្ដារកិច្ចចរចានុយក្លេអ៊ែរឡើងវិញ នៅត្រឹមចុងឆ្នាំនេះ កាន់តែខិតជិតចូលមកដល់។

លោក គីម បានគំរាមថា បើសិនជាសហរដ្ឋអាមេរិកមិនព្រមផ្ដល់សម្បទានទេនោះ កូរ៉េខាងជើងនឹងរើសផ្លូវដើរថ្មីដោយខ្លួនឯង ដោយមិនបានបញ្ជាក់អ្វីលម្អិតនោះទេ តែអ្នកជំនាញខ្លះថា វិធានការរបស់មេដឹកនាំកំពូលរូបនេះ អាចជាការធ្វើតេស្ដឡើងវិញមីស៊ីលអន្តរទ្វីប ICBM ឬអាវុធនុយក្លេអ៊ែរជាដើម ដែលប្រការនេះនឹងធ្វើឲ្យជប៉ុន ព្រមទាំងកូរ៉េខាងត្បូងព្រួយបារម្ភខ្លាំងជាងគេ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម