ទីបំផុតជប៉ុនសម្រេចទិញកោះមួយតម្លៃ «១៤៦លានដុល្លារ» ទុកឲ្យសហរដ្ឋអាមេរិកធ្វើសមយុទ្ធយោធា

(តូក្យូ)៖ ទីបំផុតរដ្ឋាភិបាលជប៉ុនបានសម្រេចចិត្ត ទិញកោះមួយស្ថិតនៅភាគនិរតីប្រទេសក្នុងតម្លៃ ១៤៦លានដុល្លារអាមេរិក ដើម្បីឲ្យយោធាអាមេរិកធ្វើសមយុទ្ធនានា ខណៈសម្ព័ន្ធមិត្តទាំងពីរនេះតែងតែចាត់ទុកចិន ជាការគំរាមកំហែងធំបំផុត។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០១៩។

ទីក្រុងតូក្យូ និងវ៉ាស៊ីនតោនបានព្រមព្រៀងគ្នាកាលពីឆ្នាំ២០១១ ថានឹងផ្លាស់ប្តូរទីតាំងសម្រាប់ កងយន្តហោះចម្បាំងអាមេរិកទៅកាន់កោះ ម៉ាគែស៊ីម៉ា (Mageshima) ដែលមានចម្ងាយ ៣០គីឡូម៉ែត្រពីតំបន់ឆ្នេរភាគនិរតីនៃប្រទេសជប៉ុនវិញ។ ទោះបីជាបែបនេះក្តី ការចរចាទិញកោះនេះ គឺត្រូវបានធ្វើឡើងជាច្រើនឆ្នាំ ចំពោះមុខការរិះគន់ផង និងតម្លៃមិនត្រូវគ្នាផងដែរ ប៉ុន្តែអគ្គលេខាធិការ នៃគណៈរដ្ឋមន្ត្រីជប៉ុន លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Yoshihide Suga) ទើបតែបានបង្ហើបថា កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ កិច្ចព្រមព្រៀងទិញកោះ Mageshima ត្រូវបានសម្រេចហើយរវាងរដ្ឋាភិបាលជប៉ុន និងក្រុមអ្នកអភិវឌ្ឍនៅលើកោះនោះផ្ទាល់។

គួរបញ្ជាក់ថា តាំងពីដើមមកការធ្វើសមយុទ្ធនៃកងទ័ពអាកាសអាមេរិក តែងតែត្រូវបានធ្វើឡើងនៅលើកោះ អ៊ីវ៉ូ ជីម៉ា (Iwo Jima) ដែលមានចម្ងាយ ១,២០០គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងតូក្យូ ប៉ុន្តែសហរដ្ឋអាមេរិកបានស្នើឲ្យផ្លាស់ប្តូរ ក្រោមហេតុផលថា វាស្ថិតនៅឆ្ងាយខ្លាំងពេកពីមូលដ្ឋានទ័ពខ្លួននៅទីក្រុង អ៊ីវ៉ាគូនី (Iwakuni) ដែលស្ថិតនៅភាគខាងលិចជប៉ុន ជាកន្លែងដែលផ្ទុកកងយន្តហោះចម្បាំងរបស់ខ្លួន។ លោក ស៊ូហ្គា បានបញ្ជាក់បន្ថែមទៀតថា ការកសាងកោះ Mageshima ទៅជាមូលដ្ឋានធ្វើសមយុទ្ធនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗ៕









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម