មន្ត្រីអាមេរិក៖ «ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់មនុស្ស ៣នាក់នៅមូលដ្ឋានទ័ពរដ្ឋផ្លូវរីដា គឺជាជនជាតិអារ៉ាប៊ីសាអូឌីត»

(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីអាមេរិកបានបញ្ជាក់ថា ខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់មនុស្ស ០៣នាក់ នៅឯមូលដ្ឋានទ័ពជើងទឹកក្នុងទីក្រុងភែនសាខូឡា (Pensacola) រដ្ឋផ្លូរីដា (Florida) គឺជាសិក្ខាកាមជនជាតិអារ៉ាប៊ីសាអូឌីតម្នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៩។

ខ្មាន់កាំភ្លើងខាងលើត្រូវបានបញ្ជាក់អត្តសញ្ញាណហើយ ដោយរូបគេមានឈ្មោះថា ម៉ូហាំម៉េដ សាអ៊ីដ អាល់ហ្សាំរ៉ានី (Mohammed Saeed Alshamrani) និងជាសមាជិកនៃកងកម្លាំងយោធាអារ៉ាប៊ីសាអូឌីតម្នាក់ ដែលកំពុងទទួលការបណ្ដុះបណ្ដាលនៅមូលដ្ឋានទ័ពជើងទឹក (Naval Air Station) នៃទីក្រុង Pensacola។ ប៉ុន្តែមូលហេតុនៅពីក្រោយការបាញ់ប្រហារកាលពីថ្ងៃសុក្រ (ម៉ោងក្នុងតំបន់) មិនទាន់ត្រូវបានកំណត់នៅឡើយទេ ដោយគ្រាន់តែអាជ្ញាធរអាមេរិកឱ្យដឹងថា ខ្មាន់កាំភ្លើងត្រូវបានបាញ់សម្លាប់នៅនឹងកន្លែង រីឯមនុស្ស ០៨នាក់ទៀតក៏បានរងរបួសផងដែរ។

គួរបញ្ជាក់ថា នេះគឺការបាញ់ប្រហារលើកទី ២ ហើយក្នុងសប្ដាហ៍នេះនៅបន្ទាយយោធាអាមេរិក បន្ទាប់ពីនាវិកអាមេរិកម្នាក់បានបើកការបាញ់ប្រហារសម្លាប់មនុស្សពីរនាក់ នៅមូលដ្ឋាន Pearl Harbor នៃរដ្ឋហាវ៉ៃកាលពីថ្ងៃពុធកន្លងទៅ រួចហើយក៏បានបាញ់សម្លាប់ខ្លួនឯងថែមទៀត ខណៈមូលហេតុដែលស្ថិតនៅពីក្រោយរឿងនេះ ក៏មិនទាន់មានការបញ្ជាក់នោះដែរ៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម