ចិនឈប់ឲ្យនាំចូលសាច់ជ្រូកពីឥណ្ឌូណេស៊ី ក្រោយជំងឺប៉េសជ្រូកផ្ទុះឡើងជាច្រើនករណី

(ប៉េកាំង)៖ អាជ្ញាធរពន្ធគយចិននៅថ្ងៃចន្ទនេះបានឱ្យដឹងថា ខ្លួនបានសម្រេចិត្តហាមឃាត់ការនាំចូលសត្វជ្រូក ជ្រូកព្រៃ និងផលិតផលពាក់ព័ន្ធនឹងសាច់ជ្រូក ពីប្រទេសឥណ្ឌូណេស៊ី ដោយសារតែជំងឺប៉េសជ្រូកអាហ្វ្រិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០១៩។

នៅលើគេហទំព័ររបស់ខ្លួន អាជ្ញាធរពន្ធគយចិនក៏បានឱ្យដឹងដែរថា ជំងឺប៉េសជ្រូក ៣៩២ករណី ត្រូវបានរាយការណ៍នៅក្នុងប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៧ ខែធ្នូកន្លងទៅ។ ទោះបីជាបែបនេះក្តីចិនមិនទាន់បានបញ្ជាក់លម្អិតថា តើការហាមឃាត់នេះមានរយៈពេលប៉ុន្មាននោះទេ ខណៈជំងឺមួយនេះបាននិងកំពុង រីករាលដាលនៅក្នុងប្រទេសចិន ដោយបង្ខំឱ្យអាជ្ញាធរចិនសម្លាប់សត្វជ្រូករាប់លានក្បាល ចាប់តាំងពីជំងឺប៉េសជ្រូកផ្ទុះឡើងដំបូងនៅទូទាំងប្រទេស កាលពីខែសីហា ឆ្នាំ២០១៨។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងបានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីបង្កើនផលិតផលធ្វើពីសាច់ជ្រូកឡើងវិញនៅក្នុងស្រុក តាមរយៈការរឹតត្បិត និងគ្រប់គ្រងលើការនាំចូលសត្វជ្រូកពីបរទេស។ យ៉ាងណាក៏ដោយកាលពីពាក់កណ្តាលខែធ្នូ អាជ្ញាធរចិនបានបញ្ជាក់ថា ចិនបានត្រៀមសត្វជ្រូកបម្រុងគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការទីផ្សារ នៅក្នុងឱកាសដែលបុណ្យចូលឆ្នាំចិនកាន់តែកៀកមកដល់៕


Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម