ចិនចេញមុខរិះគន់ការបង្កើតកងទ័ពអវកាសអាមេរិក និងអំពាវនាវឲ្យអន្តរជាតិរួមគ្នាទប់ស្កាត់ សង្គ្រាមនៅទីអវកាស

(ប៉េកាំង)៖ ប្រទេសចិនបានចេញមុខរិះគន់ថា សហរដ្ឋអាមេរិកកំពុងប្រែក្លាយទីអវកាសទៅជាសមរភូមិ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ទើបតែបានប្រកាសពីការបង្កើតកងទ័ពអវកាសជាផ្លូវការ ដែលជាកងកម្លាំងយោធាប្រភេទថ្មីរបស់អាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០១៩។

កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ស្តីពីវិស័យការពារជាតិ ដែលបង្កើតនូវកងកម្លាំងយោធាថ្មី គឺកងទ័ពអវកាស។ លោក ត្រាំ បានសម្រេចបង្កើតកងកម្លាំងនេះ ដោយសារតែក្តីបារម្ភថា ចិន និងរុស្ស៊ីកំពុងតែកើនឡើងនូវអានុភាពខ្លាំងខាងវិស័យអវកាស ដែលជាការគំរាមកំហែងធំចំពោះសហរដ្ឋអាមេរិក។ កងទ័ពអវកាសនឹងជាកងកម្លាំងទី ៦ បន្ទាប់ពីកងទ័ពជើងគោក កងទ័ពអាកាស កងទ័ពជើងទឹក កងម៉ារីន និងកងឆ្មាំសមុទ្រ។

ក្នុងឱកាសនៃការចុះហត្ថលេខាច្បាប់ខាងលើ លោក ត្រាំ បានលើកឡើងថា ក្នុងពេលខាងលើនឹងមានរឿងជាច្រើនកើតឡើងនៅទីអវកាស ដោយសារវានឹងជាកន្លែងប្រយុទ្ធគ្នា ថ្មីបំផុតរបស់ពិភពលោក។ ទីក្រុងប៉េកាំងបានចោទអាមេរិកថា កំពុងតែធ្វើឲ្យទីអវកាសកន្លែងសមរភូមិថ្មី សម្រាប់ធ្វើសង្រ្គាមដែលជាទង្វើរំលោភបំពានធ្ងន់ធ្ងរ ទៅលើការព្រមព្រៀងគ្នារបស់អន្តរជាតិ ស្តីពីការប្រើប្រាស់ទីអវកាសសម្រាប់សន្តិភាព។ ប្រទេសចិនក៏បានអំពាវនាវផងដែរឲ្យសហគមន៍អន្តរជាតិ រួមគ្នាចាត់វិធានការទប់ស្កាត់កុំឲ្យទីអវកាស ក្លាយទៅជាសមរភូមិសង្គ្រាមថ្មី។

គួរជម្រាបថា កងទ័ពអវកាសអាមេរិកនឹងមានកាតព្វកិច្ចដូចជា ការពារផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅក្នុងទីអវកាស, ទប់ស្កាត់ការ គំរាមកំហែងនៅក្នុងទីអវកាស ឬមកពីទីអវកាស ព្រមទាំងធ្វើប្រតិបត្តិការផ្សេងៗក្នុងទីអវកាស៕


Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម