តុលាការប៉ាគីស្ថាន «ផ្តន្ទាទោសប្រហារជីវិត អតីតប្រធានាធិបតី មូហ្សារ៉ាហ្វ ពីបទក្បត់ជាតិ»

(អ៊ីស្លាម៉ាបាដ)៖ ថ្ងៃអង្គារនេះតុលាការនៅប្រទេសប៉ាគីស្ថាន បានផ្តន្ទាទោសប្រហារជីវិតលើអតីតប្រធានាធិបតីលោក ភើវែស៍ មូហ្សារ៉ាហ្វ (Pervez Musharraf) ពាក់ព័ន្ធការដែលលោកបានប្រកាសដាក់ប្រទេសប៉ាគីស្ថាន ក្នុងគ្រាអាសន្នកាលពីឆ្នាំ២០០៧។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩។

លោក Musharraf អាយុ ៧៤ឆ្នាំ បានកាន់អំណាចជាមេដឹកនាំនៅប៉ាគីស្ថានចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៨ ហើយបច្ចុប្បន្នលោកកំពុងស្ថិតនៅទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម។ សំណុំរឿងរបស់លោក Musharraf ត្រូវបានចាប់ផ្តើមប្តឹងប្តល់កាលពីឆ្នាំ២០១៣ នៅពេលរដ្ឋាភិបាលប៉ាគីស្ថានជំនាន់នោះ បានដាក់ពាក្យប្តឹងរូបលោកអំពីទង្វើក្បត់ជាតិ ជុំវិញការប្រកាសប្រើអំណាចពិសេសក្នុងគ្រាអាសន្ន នៅខែវិច្ឆិកា ឆ្នាំ២០០៧ ដែលកំឡុងពេលនោះចៅក្រមជាច្រើនរូប នៃតុលាការជាន់ខ្ពស់ប៉ាគីស្ថានត្រូវបង្ខាំងឲ្យនៅក្នុងផ្ទះ ហើយចៅក្រមដល់ទៅជាង ១០០នាក់ត្រូវបាត់បង់តួនាទី។

យ៉ាងណាមិញសំណុំរឿងរបស់លោក ពុំបានវិវត្តន៍ទៅមុខ គួរឲ្យកតសម្គាល់អ្វីឡើយ ចាប់តាំងតែពីលោក Musharraf បានចាកចេញទៅកាន់ទីក្រុង ឌូបៃ (Dubai) ក្រោមហេតុផលសុខភាពកាលពីខែមីនា ឆ្នាំ២០១៦ ក្រោយត្រូវបានអាជ្ញាធរអនុញ្ញាតឡើងវិញ ឲ្យលោកអាចចេញដំណើរទៅក្រៅប្រទេស ខណៈបច្ចុប្បន្នលោកកំពុងរស់បែបនិរទេស នៅអាមីរ៉ាត់អារ៉ាប់រួម។

ក្រោយការលាលែងពីតំណែងកាលពីខែសីហា ឆ្នាំ២០០៨ នៅចំពោះមុខការចាប់ផ្តើមនីតិវិធីទម្លាក់ចេញពីអំណាច លោក Musharraf ធ្លាប់បាននិរទេសខ្លួនម្តងរួចមកហើយ ប៉ុន្តែបានត្រឡប់ចូលមកស្រុកវិញកាលពីឆ្នាំ២០១៣ ហើយ ០៣ឆ្នាំក្រោយមកគឺនៅឆ្នាំ២០១៦ លោកក៏បានចាកចេញជាថ្មីម្តងទៀត។ បច្ចុប្បន្ននេះគេនៅមិនទាន់ដឹងថា តើរដ្ឋាភិបាលប៉ាគីស្ថាននឹងស្នើសុំធ្វើបត្យាប័នលោក Musharraf ពីប្រទេសអេមីរ៉ាត់អារ៉ាប់រួមដោយរបៀបណា ឬមួយក៏លោក Musharraf នឹងបន្តប្តឹងឧទ្ធរណ៍ដែរ ឬមួយអត់នោះឡើយ៕


Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម