យន្តហោះ Boeing ដឹកមនុស្សជិត២៨០នាក់ ចុះចតជាបន្ទាន់នៅជប៉ុន ក្រោយជួបបញ្ហាម៉ាស៊ីន

(តូក្យូ)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន All Nippon Airways បានធ្វើការចុះចតជាបន្ទាន់នៅព្រលាន យន្តហោះ Fukuoka ភាគនិរតីប្រទេសជប៉ុន ក្រោយជួបបញ្ហាបច្ចេកទេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន NHK នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩។

ក្រុមមន្រ្តីអាកាសយានដ្ឋាន Fukuoka បានឲ្យដឹងថា យន្តហោះ Boeing 767 មួយគ្រឿងរបស់អាកាសចរណ៍ All Nippon Airways បានរាយ ការណ៍ថា យន្តហោះមានបញ្ហាគ្រឿងម៉ាស៊ីន ក្រោយហោះចេញបានតែបន្តិចប៉ុណ្ណោះ កាលពីវេលាម៉ោង០៩៖៥០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅក្នុងប្រទេសជប៉ុន)។ យន្តហោះនោះដែលគោលដៅឆ្ពោះមកទៅកាន់អាកាសយានដ្ឋាន Haneda នៃទីក្រុងតូក្យូ បានបកក្បាល ត្រឡប់មករកអាកាសយានដ្ឋាន Fukuoka វិញ ហើយបានចុះចតដោយសុវត្ថិភាពនៅម៉ោង១០៖១៥នាទី ដោយមានក្រុមរថយន្តពន្លត់អគ្គីភ័យ នៅត្រៀមរង់ចាំស្រាប់។

គួរជម្រាបថា យោងតាមអាកាសចរណ៍ All Nippon Airways សញ្ញានៅបន្ទប់អាកាសយានិកយន្តហោះបានបង្ហាញថា សីតុណ្ហភាពបានកើន ឡើងខ្ពស់នៅម៉ាស៊ីនផ្នែកខាងស្តាំរបស់យន្តហោះ នៅពេលហោះឡើងចេញពីព្រលានយន្តហោះ Fukuoka។ ភ្លាមៗនោះ អាកាសយានិកក៏ បានសម្រេចបិទម៉ាស៊ីននោះ ហើយត្រឡប់មកចុះចតនៅអាកាសយានដ្ឋានដើមវិញ។ ហេតុការណ៍នេះ ពុំបានបណ្តាលឲ្យមនុស្សទាំង២៧៨ នាក់ ក្នុងនោះមានអ្នកដំណើរចំនួន២៧០នាក់ ទទួលរងគ្រោះថ្នាក់ឬរបួសអ្វីឡើយ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម