មនុស្សចាស់វង្វេង Vs បុរសគ្រាប់រ៉ុក្កែត, នេះជាសង្រ្គាមពាក្យសម្ដីរវាង លោក ត្រាំ និងលោក គីម

(សេអ៊ូល)៖ កូរ៉េខាងជើង បានព្រមានថានឹងធ្វើសង្រ្គាមពាក្យសម្ដីឡើងវិញ ប្រឆាំងនឹងលោក ដូណាល់ ត្រាំ ហើយនឹងចាត់ទុក ប្រធានាធិបតីអាមេរិករូបនេះជា «មនុស្សចាស់វង្វេង» បើសិនជាលោកនៅតែបន្តប្រើប្រាស់ភាសាបង្ករឿងហៅលោក គីម ជុងអ៊ុន ថា «បុរសគ្រាប់រ៉ុក្កែត»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០១៩។

ការព្រមានខាងលើធ្វើឡើងដោយអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងទី១ លោកស្រី Choe Son Hui នៅក្នុងសេចក្ដីថ្លែងការណ៍ មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ សេចក្ដីថ្លែងការណ៍ដដែលបានគូសបញ្ជាក់ដូច្នេះថា៖ «ការលើកឡើងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កឱ្យចរន្តស្អប់ខ្ពើមនៃប្រជាជនរបស់យើងប្រឆំាងនឹងសហរដ្ឋអាមេរិក ផ្ទុះឡើងសាជាថ្មី ពីព្រោះតែពួកគេបានបង្ហាញការមិនគោរព ដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ និងកិត្តិយសមេដឹកនាំកំពូលរបស់យើង ...ដូច្នេះយើងនឹងប្រើប្រាស់ភាសាដូចគ្នានេះ ដោយហៅលោក ត្រាំ ថា «ជាមនុស្សចាស់វង្វេង» បើសិនជាគាត់នៅតែប្រើភាសាបង្ករឿង ដោយហៅលោក គីម ជុងអ៊ុនថា«បុរសគ្រាប់រ៉ុក្កែត»។

គួរជម្រាបថា នាឱកាសចូលរួមកិច្ចប្រជុំអង្គការ NATO ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នៅក្នុងសប្ដាហ៍នេះ លោក ដូណាល់ ត្រាំ បានហៅលោក គីម ជុងអ៊ុន ថា «បុរសគ្រាប់រ៉ុក្កែត» សាជាថ្មី ហើយមិនតែប៉ុណ្ណោះថែមទាំងបានព្រមានប្រើប្រាស់កម្លាំងយោធាដើម្បី ដោះស្រាយបញ្ហាជាមួយទីក្រុងព្យុងយ៉ាង ទៀតផង នៅក្នុងករណីចំាបាច់។ ម្យ៉ាងវិញទៀត ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ កើតតាមឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយកូរ៉េខាងជើងសួរសហរដ្ឋអាមេរិកថាចង់បានកាដូអ្វី នៅថ្ងៃបុណ្យណូអែលចុងឆ្នាំនេះ ខណៈក្រុមអ្នកជំនាញជាច្រើនយល់ថាអាចជាការបាញ់សាកល្បងមីស៊ីលអន្តរទ្វីប ICBM ឡើងវិញ។

កាលពីឆ្នាំ២០១៧ សង្រ្គាមពាក្យសម្ដីបែបនេះ ក៏ធ្លាប់បានផ្ទុះឡើងផងដែរ ដោយធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង តានតឹងជាខ្លាំងរហូតដល់គំរាមប្រើអាវុធនុយក្លេអ៊ែររៀងៗខ្លួន។ ភាពតានតឹងបានចាប់ផ្ដើមធូរស្រាល ក្រោយ មានកិច្ចប្រជុំកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅសិង្ហបុរី តែទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង ចាប់ផ្ដើម ដំឡើងសសៃកដាក់គ្នាឡើងវិញ ចាប់តាំងពីកិច្ចប្រជុំកំពូលក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៩ ទទួលបរាជ័យ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម