គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការនយោបាយ ក្នុងកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨ APPF នៅអូស្រ្តាលី

(អូស្ត្រាលី)៖ លោក ឈាង វុន សមាជិករដ្ឋសភា និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការនយោបាយ និងសន្តិសុខនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៨ នាវិមានរដ្ឋសភាអូស្រ្តាលី នាទីក្រុងកង់បេរ៉ា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ។

សភាអូស្រ្តាលីកំពុងរៀបចំកិច្ចប្រជុំប្រចំាឆ្នាំ APPF លើកទី២៨ ក្រោមមូលបទ «ភាពជាដៃគូសភាសម្រាប់ឆ្នាំ២០២០ និងឆ្នាំបន្តបន្ទាប់» ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសភា ក្នុងការដោះស្រាយបញ្ហារួម ក្នុងវិស័យសន្តិសុខ នយោបាយ បរិស្ថាន សេដ្ឋកិច្ច ជាដើម។ កិច្ចប្រជុំគណៈកម្មាធិការសន្តិសុខ បានពិភាក្សា ផ្លាស់ប្តូរយោបល់លើសេចក្តីព្រាងសេចក្តីសម្រេច ចំនួន៤ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសភា ក្នុងការកសាងសន្តិភាព សន្តិសុខ និងការអភិវឌ្ឍដោយសមភាព និរន្តរភាព។ ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងភាពជ្រុលនិយមនៅក្នុងតំបន់ជាដើម។

លោក ឈាង វុន ដែលចូលរួមនៅក្នុងកិច្ចប្រជុំ បានលើកឡើងពីការព្រួយបារម្ភរបស់ពលរដ្ឋសកលលោក ជុំវិញជម្លោះនៅមជ្ឈិមបូព៌ា ដែលកំពុងមានភាពតាងតឹង។ ការព្រួយបារម្ភរបស់ពលរដ្ឋធ្វើអោយការជំរុញ និងលើកកម្ពស់យន្តការសភា បង្កើនកិច្ចសហប្រតិបត្តិការកាន់សំខាន់ ក្នុងការឆ្លើយតបបញ្ហាពលរដ្ឋ។

ប្រតិភូសភាកម្ពុជាបានលើកឡើងថា វិស័យការទូត និងភាពជាដៃគូសភា កាន់តែមានភាពពាក់ព័ន្ធនៅក្នុងការរៀបចំកិច្ចសន្ទនា និងស្ថាបនានូវសណ្តាប់ធ្នាប់ពិភពលោកថ្មី ដែលកំពុងវិវឌ្ឍន៍យ៉ាងលឿនឆ្ពោះទៅរកពិភពលោកពហុប៉ូល ដែលកាន់តែមានភាពប្រាស្រ័យទាក់ទង និងពឹងពាក់គ្នាទៅវិញទៅមក កាន់តែប្រសើរឡើង។ កម្ពុជាប្រកាន់នយោបាយពហុនិយម និងប្រឆំាងចំពោះអំពើហិង្សាជ្រុលនិយម ដែលបង្កអសន្តិសុខដល់សង្គមជាតិ។

សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក «The Asia Pacific Parliamentary Forum» ផ្តួចផ្តើមបង្កើតឡើងដោយអតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ មានគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំដើម្បីដោះស្រាយបញ្ហារួម ជំរុញសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងសកលលោក។ អង្គការសភាមួយនេះ មានការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងភាពជ្រុលនិយមនៅអាស៊ីប៉ាស៊ីហ្វិក។

សមាជិក២៧ប្រទេស មានប្រទេសអូស្រា្តលី ព្រះរាជាណាចក្រកម្ពុជា, ចិន, ជប៉ុន, សាធារណរដ្ឋកូរ៉េ, ម៉ុហ្គោលី, សហព័ន្ធរុស្ស៊ី, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, ហ្វីលីពីន, សឹង្ហបុរី, ថៃ, វៀតណាម, ហ្វីជី, ម៉េក្រុនេស៊ី, ណូវែលហ្សឡង់, ប៉ាពូញូហ្គីនៀ, ប្រជុំកោះម៉ារសល, កាណាដា, ឈីលី, កូឡំប៊ី, មិកសិកកូរ, ប៉េរ៉ូ, សហរដ្ឋអាមេរិក, អេក្វាឌ័រ និងកូស្ការីការ៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម