ក្តៅគគុក! មេបញ្ជាការកំពូលប្រចាំភូមិភាគនិរតីអ៉ីរ៉ង់ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខផ្ទះតែម្តង!

(តេហេរ៉ង់)៖ មេបញ្ជាការកងកម្លាំងសន្តិសុខអ៉ីរ៉ង់ប្រចាំភូមិភាគនិរតី លោក អាប់ឌុលហូស្សេន មូហ្សាដដាមី (Abdolhossein Mojaddami) ត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់នៅខាងមុខផ្ទះរបស់លោក នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយមិនទាន់ដឹងថា មកពីមូលហេតុអ្វីឡើយ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ ដកស្រង់ចេញដោយសារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០។

បើតាមទីភ្នាក់ងារព័ត៌មានអ៉ីរ៉ង់ IRNA លោក Mojaddami ត្រូវបានខ្មាន់កាំភ្លើងពីរនាក់ជិះម៉ូតូមួយគ្រឿង បាញ់សម្លាប់នៅខាងមុខផ្ទះរបស់លោកតែម្ដង ក្នុងទីក្រុងដាកហូអេន (Darkhoein) នៃខេត្តឃូហ្សេស្តង់ (Khuzestan)។ ចំណែកឯខ្មាន់កាំភ្លើងដែលត្រូវបានគេអះអាងថា ពាក់ម៉ាស់បិទមុខយ៉ាងជិត បានគេចខ្លួនដោយសុវត្ថិភាព ក្រោយពួកគេបានបាញ់ប្រហារ ទៅលើមេបញ្ជាការក្នុងតំបន់រូបនេះចំនួន ០៤គ្រាប់។ ប៉ុន្តែ មូលហេតុពិតប្រាកដនៅពីក្រោយឃាតកម្មនេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ។

គួរជម្រាបថា លោក Abdolhossein Mojaddami គឺជាមេបញ្ជាការកងកម្លាំងសន្តិសុខ បាស៊ីច (Basij) ជាអង្គភាពមួយស្ថិតនៅក្រោមឱវាទ របស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ទទួលបន្ទុកផ្នែកសន្តិសុខផ្ទៃក្នុង និងភារកិច្ចដទៃទៀតក្នុងទីក្រុង Darkhoein។ លោក Mojaddami ក៏ជាសហការីម្នាក់របស់អតីតមេបញ្ជាការអ៉ីរ៉ង់ លោក កាស្សេម សូឡៃមេនី (Qassem Soleimani) ដែលត្រូវបានយន្ដហោះដ្រូនអាមេរិកសម្លាប់ នៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់កាលពីដើមខែមករាផងដែរ៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម