ហ្វីលីពីនត្រៀមបញ្ជូននាវាយោធា និងកងកម្លាំងទៅមជ្ឈិមបូព៌ា ដើម្បីជម្លៀសពលរដ្ឋខ្លួនចេញពីតំបន់ក្តៅនោះ!

(ម៉ានីល)៖ រដ្ឋាភិបាលហ្វីលីពីននឹងបញ្ជូននាវាយោធាចំនួនពីរគ្រឿង អមដោយកងកម្លាំងមួយចំនួនទៀត ដើម្បីបំពេញប្រតិបត្តិការជម្លៀសប្រជាពលរដ្ឋខ្លួន ដែលកំពុងបម្រើការងារជាពលករ នៅតាមបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ខណៈស្ថានការណ៍ជារួមនៅទីនោះ កំពុងតែក្តៅគគុកឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០។

ជុំវិញស្ថានការណ៍បច្ចុប្បន្ន រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនលោក ឌែលហ្វីន ឡូរិនហ្សាណា (Delfin Lorenzana) បានបញ្ជាក់ប្រាប់សារព័ត៌មាននានា នៅក្នុងរដ្ឋធានីម៉ានីលថា លោកប្រធានាធីបតី រ៉ូទ្រីហ្គោ ឌូតឺតេ បានចេញបញ្ជាឲ្យបញ្ជូននាវាផ្ទុកយោធាពីរគ្រឿង ដោយមិនមានបំពាក់អាវុធ ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីជម្លៀសពលករហ្វីលីពីនរាប់ពាន់នាក់ ខណៈភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសអ៉ីរ៉ង់កំពុងតែពុះកញ្ជ្រោល។

លោក Lorenzana បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ខ្ញុំនឹងមិនអាចឲ្យការបញ្ជូននាវាយោធាទៅកាន់មជ្ឈិមបូព៌ា ធ្វើឡើងដោយគ្មានការជូនដំណឹងជាមុននោះឡើយ ព្រោះតែបណ្តាប្រទេសនៅក្នុងតំបន់នោះ កំពុងតែស្ថិតនៅក្នុងស្ថានភាពប្រុងជើងការ។ នាវាយោធាទាំងពីរគ្រឿងអមដោយកងកម្លាំង នឹងត្រូវបំពេញប្រតិបត្តិការសង្គ្រោះជនស៊ីវិលប៉ុណ្ណោះ ហើយពួកគេនឹងមិនគួរបំពាក់អាវុធអ្វីនោះឡើយ...»។

គួរបញ្ជាក់់ថា ប្រទេសហ្វីលីពីនបានបញ្ជូនពលករជាច្រើនពាន់នាក់ ទៅបំពេញការងារនៅប្រទេសមួយចំនួនក្នុងតំបន់មជ្ឈិមបូព៌ាដូចជា អេមីរ៉ាត់អារ៉ាប់រួម កាតា គុយវ៉េត បារ៉ែន និងអារ៉ាប៊ីសាអូឌីតជាដើម៕




Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម