អាជ្ញាធរអូស្ត្រាលីកំពុងតាមរកយន្តហោះពន្លត់ភ្លើងឆេះព្រៃ ដែលទំនងជាធ្លាក់នៅភាគខាងត្បូងទីក្រុងស៊ីដនី

(ស៊ីដនី)៖ យន្តហោះទម្លាក់ទឹក មួយគ្រឿងដើម្បីពន្លត់អគ្គីភ័យនៅប្រទេសអូស្រ្តាលី ទំនងជាបានធ្លាក់ពេលកំពុងបំពេញប្រតិបត្តិការ ពន្លត់ភ្លើងឆេះព្រៃនៅក្បែរទីក្រុងស៊ីដនី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០។

អាជ្ញាធរអូស្រ្តាលីនាថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ពួកគេកំពុងតែតាមស្វែងរកយន្តហោះពន្លត់អគ្គីភ័យមួយគ្រឿង ដែលប្រហែលជាបានធ្លាក់ពេលកំពុងបំពេញប្រតិបត្តិការ នៅភាគខាងត្បូងរដ្ឋ New South Wales ដែលស្ថិតនៅប៉ែកខាងកើតនៃប្រទេសអូស្រ្តាលី ជាទីដែលកំពុងទទួលរងការវាយប្រហារដោយភ្លើងឆេះព្រៃនៅឡើយ។ ចំណុចដែលយន្តហោះនោះបានដាច់ការទាក់ទង ហើយត្រូវគេជឿជាក់ថាធ្លាក់ គឺនៅតំបន់ភ្នំ ស្នូវី (Snowy Mountains) ដែលនៅចម្ងាយប្រហែលជិត ៥០០គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងស៊ីដនី។

គួរជម្រាបថា ការកើនឡើងសីតុណ្ហភាព និងកម្លាំងខ្យល់បោកបក់ បានធ្វើឲ្យភ្លើងឆេះព្រៃនៅភាគខាងកើតអូស្រ្តាលី រាលដាលខ្លាំងឡើងវិញសាជាថ្មី ក្រោយពីមានភាពធូរស្រាលបានប៉ុន្មានថ្ងៃមកនេះ ដោយសារការធ្លាក់ភ្លៀង និងការថយចុះសីតុណ្ហភាព។ គ្រោះមហន្តរាយភ្លើងឆេះ ព្រៃបានបន្តវាយប្រហារប្រទេសអូស្រ្តាលី ចាប់តាំងតែពីខែកញ្ញា ឆ្នាំ២០១៩ ហើយបានសម្លាប់មនុស្សយ៉ាងតិច ២៩នាក់ និងបំផ្លាញលំនៅឋានច្រើនជាង ២,០០០ខ្នង ខណៈសត្វព្រៃ និងសត្វពាហនៈរាប់ពាន់លានក្បាលបានងាប់៕




Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម