កម្ពុជា-ចិន នឹងធ្វើសមយុទ្ធនាគមាសឆ្នាំ២០២០ នៅពាក់កណ្តាលខែមីនា ក្រោមប្រធានបទ «ប្រឆាំងភេរវកម្ម និងកិច្ចការមនុស្សធម៌»

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា សមយុទ្ធនាគមាស ឆ្នាំ២០២០ រវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន នឹងចាប់ផ្តើមនៅពាក់កណ្តាលខែមីនា ឆ្នាំ២០២០ខាងមុខនេះ ក្នុងស្រុកជុំគិរី ខេត្តកំពត ក្រោមប្រធានបទ «ប្រឆាំងភេរវកម្ម និងកិច្ចការមនុស្សធម៌»។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ប្រាប់ថា សមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា និងចិន គឺធ្វើឡើងដូចរាល់ឆ្នាំយ៉ាងដូច្នេះដែរ។ ប៉ុន្តែឆ្នាំនេះ គឺមានលក្ខណៈខុសប្លែងជាងឆ្នាំមុនៗ បន្តិចដោយសារតែឆ្នាំ២០២០នេះ គឺនឹងមានកងទ័ពដែលជា ប្រទេសជិតខាងរបស់កម្ពុជា ធ្វើជាអ្នកសង្កេតការណ៍ និងវាយតម្លៃ។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សមយុទ្ធនាគមាសឆ្នាំ២០២០នេះ នឹងធ្វើឡើងលើរបៀបវារៈជាច្រើន ប៉ុន្តែយើងសង្កត់ធ្ងន់ តែការប្រឆាំងភេរវកម្ម និងកិច្ចការមនុស្សធម៌ជាអាទិភាពតែប៉ុណ្ណោះ ហើយជាមួយគ្នានោះយើង ក៏មានសព្វាវុធ និងឧទ្ធម្ភាគចក្រច្រើនជាងមុនផងដែរ ខណៈកម្លាំងត្រៀមទាំងសងខាងនឹងចូលរួមប្រមាណជាងពីរពាន់នាក់»។

បើតាមឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ, សមយុទ្ធនេះ ផ្តោតសំខាន់លើវិញ្ញាសាមួយចំនួនដូចជា៖ ការប្រឆាំងភេរវកម្ម, ការរំដោះចំណាប់ខ្មាំង, ការសង្រ្គោះប្រជាពលរដ្ឋ ពីគ្រោះធម្មជាតិ, ការ បំពេញភារកិច្ចក្រោមឆត្រអង្គការសហប្រជាជាតិ និងវិស្វកម្មជាដើម។ អាវុធយុទ្ធភ័ណ្ឌសំខាន់ៗ ដែលប្រើប្រាស់នៅក្នុងលំហាត់នាគមាសឆ្នាំនេះ រួមមានដូចជា៖ រថពាសដែក, រថក្រោះ, កាំភ្លើងធំ, កាំភ្លើង ត្បាល់, ឧទ្ធម្ភាគចក្រ និងអាវុធគាំទ្រពីលើអាកាសជាដើម។

យ៉ាងណាក៏ដោយលោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា ការធ្វើសមយុទ្ធនាគមាស រវាងកងទ័ពកម្ពុជា-ចិន ឆ្នាំ២០២០នេះ មិនមែនជាការគំរាមកំហែងដល់ប្រទេស ឬបុគ្គលណាមួយនោះឡើយ ការធ្វើនេះនឹងធ្វើឡើងជារៀងរាល់ឆ្នាំ ហើយនឹងមានទ្រង់ទ្រាយធំជាបន្តបន្ទាប់ ដើម្បីពង្រឹងសមត្ថភាពដល់កងទ័ពកម្ពុជា និងទទួលបទពិសោធន៍បន្ថែមដល់ពីប្រទេសជាមិត្តតែប៉ុណ្ណោះ។

គួរជម្រាបថា ឆ្នាំនេះជាសមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា-ចិន លើកទី៤ហើយ ដោយបានចាប់ផ្តើមតាំងពីឆ្នាំ២០១៦មក។ អ្វីដែលកាន់តែពិសេសសមយុទ្ធនាគមាសនេះ មានកម្លាំង និងអាវុធយុទ្ធភណ្ឌកាន់តែច្រើនជាងមុនពីមួយឆ្នាំទៅមួយឆ្នាំ៕






Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម