ព្យុះធូលីដ៏អាក្រក់វាយប្រហារអូស្ត្រាលី បន្ថែមពីលើមហន្តរាយភ្លើងឆេះព្រៃ ខ្យល់ព្យុះ និងទឹកជំនន់

(ស៊ីដនី)៖ នាចុងសប្តាហ៍កន្លងទៅនេះ ព្យុះធូលីយ៉ាងធំសម្បើមមួយ បានគ្របដណ្តប់តំបន់មួយផ្នែកធំនៃរដ្ឋញូសោតវែលស៍ (New South Wales) របស់ប្រទេសអូស្រ្តាលី ខណៈប្រទេសដីកោះដ៏ធំធេងមួយនេះ កំពុងរងគ្រោះដោយមហន្តរាយភ្លើងឆេះព្រៃ ទឹកជំនន់ និងខ្យល់ព្យុះផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០។

ព្យុះធូលីយក្សនោះបានលាតសន្ធឹងពីទីក្រុង ប្រូកខិនហៀល (Broken Hill) ភាគខាងលិចរដ្ឋ New South Wales រហូតដល់ក្រុង នីនហ្គេន (Nyngan), ផាក (Parke), និងដាប់បូ (Dubbo) ដែលស្ថិតនៅភាគកណ្តាលរដ្ឋ ហើយប្រជាជនរស់នៅតាមតំបន់ទាំងនោះបានអះអាងថា វាគឺជាព្យុះធូលីដ៏អាក្រក់បំផុតបើគិតក្នុងអំឡុងពេល ១៥ឆ្នាំចុងក្រោយនេះ ហើយបាតុភូតបែបនេះកាន់តែកើតឡើងញឹកញាប់ទៅៗ ដោយកាលពីសប្តាហ៍មុនមួយទៀត ទើបតែមានព្យុះធូលីដល់ទៅ ០៥។ ព្យុះធូលីទាំងនេះអាចបង្កបញ្ហាសុខភាពធ្ងន់ធ្ងរ ជាពិសេសសម្រាប់អ្នកដែលមានជំងឺផ្លូវដង្ហើម។

គួរជម្រាបថា កាលពីថ្ងៃទី២២ ដល់ទី២៤ ខែកញ្ញា ឆ្នាំ២០០៩ ព្យុះធូលីដ៏ធំមហាសាលមួយបានកើតឡើង នៅភាគខាងកើតប្រទេសអូស្រ្តាលី ដែលបានលាតសន្ធឹងពីរដ្ឋ New South Wales រហូតដល់រដ្ឋឃ្វីនស៍ឡេដ (Queensland)។ បើតាមការវាស់វែង ព្យុះធូលីនោះមានទទឹងខ្ទង់ ៥០០គីឡូម៉ែត្រ និងបណ្តោយជាង ៣,០០០គីឡូម៉ែត្រឯណោះ ហើយត្រូវមើលឃើញយ៉ាងច្បាស់ពីទីអវកាស៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម