ប្រធានាធិបតី ដូណាល់ ត្រាំ៖ «អ៉ីរ៉់ង់គ្រោងវាយប្រហារស្ថានទូតអាមេរិកយ៉ាងតិច៤» ហេតុដូច្នេះទើបមេទ័ពអ៉ីរ៉ង់ត្រូវសម្លាប់ចោល

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាថ្ងៃសុក្រសប្តាហ៍នេះ បានលើកឡើងថា មុនពេលមេទ័ពកំពូលអ៉ីរ៉ង់លោក កាស្សេម សូឡៃមេនី (Qassem Soleimani) ត្រូវបានធ្វើឃាត​ អ៉ីរ៉ង់បានដាក់គោលដៅវាយប្រហារ លើស្ថានទូតអាមេរិកយ៉ាងហោចណាស់ចំនួន ០៤។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Fox News នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០។

នៅពេលត្រូវបានអ្នកសារព័ត៌មានសួរថា តើអ៉ីរ៉ង់បានបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់ កម្រិតណាទើបឈានទៅដល់ការសម្រេចចិត្ត ឲ្យមានការវាយប្រហារ ដោយយន្តហោះដ្រូនរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រសប្តាហ៍មុន? លោក ដូណាល់ ត្រាំ បានឆ្លើយតបយ៉ាងដូច្នេះថា «ខ្ញុំអាចត្រឹមបង្ហើបថា ស្ថានទូតរបស់យើងយ៉ាងតិចចំនួន ០៤ ត្រូវបានអ៉ីរ៉ង់រៀបចំផែនការដើម្បីវាយប្រហារ»។

ក្នុងថ្ងៃជាមួយគ្នានោះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅសេតវិមានថា លោក Soleimani បានរៀបចំគម្រោងដ៏ខ្មៅងងឹត ដើម្បីវាយប្រហារប្រឆាំងមូលដ្ឋានរបស់អាមេរិក ដោយរួមមានទាំងស្ថានទូតអាមេរិកជាដើម នៅតំបន់មជ្ឈិមបូព៌ា។ យ៉ាងណាមិញ លោកមិនបានផ្តល់ព័ត៌មានលម្អិតអ្វីទៀតអំពីផែនការនោះឡើយ ពោលគឺដូចការអះអាងរបស់លោក ត្រាំ ដែរ។

គួរជម្រាបថា ការសម្លាប់លោក Qassem Soleimani បានកើតមានឡើង បន្ទាប់ពីមានការធ្វើបាតុកម្មយ៉ាងកក្រើក នៅឯស្ថានទូតអាមេរិក ប្រចាំនៅរដ្ឋធានីបាកដាដរបស់ប្រទេសអ៉ីរ៉ាក់ ខណៈលោក Soleimani បានបាត់បង់ជីវិតនៅក្បែរព្រលានយន្តហោះអន្តរជាតិនៃទីក្រុងបាកដាដ ក្នុងទឹកដីអ៉ីរ៉ាក់ កាលពីថ្ងៃសុក្រសប្តាហ៍មុន៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម