ក្រុមហ៊ុន Boeing គ្រោងខ្ចីប្រាក់ពីធនាគារ១០ពាន់លានដុល្លារ ចំពោះមុខវិបត្តិនៃយន្តហោះ 737 MAX

(វ៉ាស៊ីនតោន)៖ នៅចំពោះមុខវិបត្តិយន្តហោះ 737 MAX ដែលនៅតែពុំទាន់រកច្រកចេញឃើញ ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ត្រូវបានគេបង្ហើបឲ្យដឹងថា កំពុងព្យាយាមស្វែងរកប្រាក់កម្ចីយ៉ាងហោច ១០ពាន់លានដុល្លារពីធនាគារ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០។

ប្រភពមកពីក្រុមមនុស្សដែលដឹងលឺរឿងផ្ទៃក្នុងរបស់ Boeing បានបង្ហើបប្រាប់ថា ក្រុមហ៊ុនផលិតយន្តហោះដ៏ធំរបស់អាមេរិកនេះ កំពុងស្ថិតក្នុងការពិភាក្សាគ្នាជាមួយធនាគារមួយចំនួន ដើម្បីទទួលបានឥណទានទំហំ ១០ពាន់លានដុល្លារ ឬមួយក៏ច្រើនជាងនេះទៅទៀត ដើម្បីយកទៅជួយដល់ការដោះស្រាយនូវផលវិបាកផ្សេងៗ ដែលបង្កឡើងដោយសារតែគ្រោះថ្នាក់ធ្លាក់យន្តហោះត្រកូល 737 MAX ចំនួន ០២ករណី កាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩ ដែលបានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់ Boeing ជាខ្លាំង ព្រោះមូលហេតុនៃការធ្លាក់ គឺបណ្តាលមកពីបញ្ហាបច្ចេកទេសក្នុងយន្តហោះផ្ទាល់។

គួរជម្រាបថា ក្រោយការធ្លាក់យន្តហោះ Boeing 737 MAX 8 ជាលើកទីពីរ កាលពីខែមីនា ឆ្នាំ២០១៩ នៅប្រទេសអេត្យូពី យន្តហោះ 737 MAX ទាំងអស់ ត្រូវបានផ្អាកប្រតិបត្តិការហោះហើររហូតមកទល់បច្ចុប្បន្ន។ កន្លងទៅក្នុងខែមករានេះ ក្រុមហ៊ុន Boeing ក៏ទើបតែបានផ្អាកការផលិតយន្តហោះ 737 MAX ផងដែរ។ សម្រាប់ការលក់យន្តហោះរបស់ Boeing កាលពីឆ្នាំ២០១៩ បានធ្លាក់ចុះខ្លាំង ដែលជាហេតុធ្វើឲ្យក្រុមហ៊ុនផលិតយន្តហោះរបស់អឺរ៉ុប Airbus ដែលជាគូប្រជែង ទទួលបានឱកាសនាំមុខ៕


Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម