អារ៉ាប៊ីសាអូឌីតទើបបង់ថ្លៃការពារ «៥០០លានដុល្លារ» ឲ្យសហរដ្ឋអាមេរិក, នេះបើតាមប្រភពពី CNN

(វ៉ាស៊ីនតោន)៖ មន្ត្រីអាមេរិកម្នាក់បាននិយាយថា អារ៉ាប៊ីសាអូឌីត បានបង់លុយថ្លៃការពារជិត ៥០០លានដុល្លារ ដើម្បីចេញថ្លៃចំណាយលើកងទ័ពអាមេរិក ដែលកំពុងឈរជើង និងធ្វើប្រតិបត្តិការនៅក្នុងប្រទេសជាស្ដេចប្រេងមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២០។

មន្ទីរបញ្ចកោណនៅដើមសប្ដាហ៍នេះមិនបានទទួលស្គាល់ លើការចេញថ្លៃចំណាយណាមួយលើកងទ័ពអាមេរិក ពីសំណាក់ភាគីអារ៉ាប៊ីសាអូឌីតនៅឡើយទេ។ តែវាមិនមែន ជាលើកទីមួយឡើយដែលទីក្រុងរីយ៉ាដ ចេញថ្លៃចំណាយឱ្យកងទ័ពអាមេរិក ដោយអំឡុងសង្រ្គាមឈូងសមុទ្រ ឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩១ គុយវ៉ែត អារ៉ាប៊ីសាអូឌីត និងបណ្ដាអារ៉ាប់ដទៃទៀត ក៏ធ្លាប់បានបង់លុយ ៣៦ពាន់លានដុល្លារ លើការចំណាយនានារបស់កងទ័ពអាមេរិកផងដែរ។

បើតាមមន្ត្រីខាងលើដដែល ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ការចំណាយលុយ ៥០០លានដុល្លារខាងលើត្រូវបានធ្វើឡើងកាលពីខែធ្នូ ឆ្នាំ២០១៩ ខណៈលោក ដូណាល់ ត្រាំ ផ្ទាល់អះអាងនៅក្នុងបទសសម្ភាសន៍ជាមួយ Fox News កាលពីសប្ដាហ៍មុនថា អារ៉ាប៊ីសាអូឌីតបានបញ្ចូលលុយ ១ពាន់លានដុល្លារ ទៅក្នុងគណនីធនាគារអាមេរិករួចរាល់ហើយ។

គួរជម្រាបថា សហរដ្ឋអាមេរិកបានបញ្ជូនកងទ័ពរាប់ពាន់នាក់បន្ថែម និងប្រព័ន្ធមីស៊ីល Patriot ជាច្រើនគ្រឿងទៅកាន់អារ៉ាប៊ីសាអូឌីត ដើម្បីជួយទប់ស្កាត់ការគំរាមកំហែងរបស់អ៉ីរ៉ង់។ ប៉ុន្តែទោះបីជាមានប្រព័ន្ធមីស៊ីលអាមេរិក រោងចក្រប្រេងអារ៉ាប៊ីសាអូឌីតពីរកន្លែង បានរងការវាយប្រហារដោយមីស៊ីល និងយន្ដហោះដ្រូនកាលពីខែកញ្ញា ឆ្នាំ២០១៩ ដែលទីក្រុងវ៉ាស៊ីនតោនចោទថា ជាស្នាដៃរបស់អ៉ីរ៉ង់ បើទោះជាទីក្រុងតេហេរ៉ង់បានព្យាយាមបដិសេធក៏ដោយ ហើយក្រោយការវាយប្រហារនេះ ក៏មានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ អំពីការដាក់ពង្រាយកងទ័ពអាមេរិកបន្ថែម ទៅកាន់អារ៉ាប៊ីសាអូឌីត៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម