អារ៉ាប៊ីសាអូឌីត ទាត់ចោលព័ត៌មានថាព្រះអង្គម្ចាស់ប៊ិន សាល់ម៉ាន គឺជាអ្នកនៅពីក្រោយការ Hack ទូរស័ព្ទដៃស្ថាបនិក Amazon លោក Jeff Bezos

(គែរ)៖ អារ៉ាប៊ីសាអូឌីត បានចេញមុខទាត់ចោលចំពោះសេចក្ដីរាយការណ៍ដែលថាព្រះអង្គម្ចាស់រាជទាយាទ មហាំម៉ាត់ ប៊ិន សាល់ម៉ាន គឺជាអ្នកនៅពីក្រោយខ្នងការ hack ទូរស័ព្ទដៃ របស់ស្ថាបនិកក្រុមហ៊ុន Amazon និងជាម្ចាស់កាសែត Washington Post លោក Jeff Bezos ខណៈទំនាក់ទំនងរវាងអ្នកទាំងពីរមានភាពរកាំរកូសនឹងគ្នា ក្រោយ លោក Jamal Khashoggi ត្រូវបានគេសម្លាប់នៅតួកគី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០។

ប្រតិកម្មខាងលើរបស់ស្ថានទូតអារ៉ាប៊ីសាអូឌីត ប្រចាំសហរដ្ឋអាមេរិក ធ្វើឡើងបន្ទាប់ពីសារព័ត៌មានអង់គ្លេស The Guardian កាលពីថ្ងៃអង្គារកន្លងទៅ ដោយផ្អែកលើប្រភពដែលខ្លួន ទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានរាយការណ៍ថា ទូរស័ព្ទរបស់មហាសេដ្ឋីអាមេរិក លោក Jeff Bezos ត្រូវបានគេ hack កាលពីឆ្នាំ២០១៨ បន្ទាប់ពីទទួលបានសារ WhatsApp មួយពីគណនីផ្ទាល់ខ្លួនរបស់ព្រះអង្គម្ចាស់រាជទាយាទ មហាំម៉ាត់ ប៊ិន សាល់ម៉ាន។ លើសពីនេះទៅទៀត បើតាមប្រភពដដែល សារដែលផ្ញើចូលនោះ ត្រូវបានគេ ជឿជាក់មានផ្ទុកមេរោគ ដែលអាច hack ចូលទូរស័ព្ទលោក Bezos ធ្លាប់ប្រើ ហើយបានលួចយកព័ត៌មានមួយធំផងដែរ។

យ៉ាងណាក៏ដោយ ស្ថានទូតអារ៉ាប៊ីសាអូឌីត ប្រចាំសហរដ្ឋអាមេរិក បានទាត់ចោលសេចក្ដីរាយការណ៍របស់ The Guardian ដោយចាត់ទុកជារឿងមិនពិត។ ស្ថានទូតអារ៉ាប៊ីសាអូឌីត បានបញ្ជាក់នៅលើសារបង្ហោះលើ Twitter នៅថ្ងៃពុធនេះ ដូច្នេះថា៖ «សេចក្ដីរាយការណ៍ពីសារព័ត៌មានដែលអះអាងថាអារ៉ាប៊ីសាអូឌីត គឺជាអ្នកនៅពីក្រោយខ្នងការ hack ទូរស័ព្ទដៃ របស់ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ជារឿងមិនពិតនោះទេ ហើយយើងអំពាវនាវឱ្យមានការស៊ើបអង្កេតមួយលើសេក្ដីរាយការណ៍នេះ ដើម្បីស្វែងរកការពិត»។

គួរបញ្ជាក់ថា ក្រុមហ៊ុន Amazon មិនបានធ្វើអត្ថាធិប្បាយអ្វីឡើយទេជុំវិញការចុះផ្សាយព័ត៌មានដោយ The Guardian ហើយក៏មិនទាន់មានការបញ្ជាក់ពីមូលហេតុនៃការ Hack ទូរស័ព្ទដៃរបស់លោក Jeff Bezos នោះដែរ។ ប៉ុន្តែ បើតាមសារព័ត៌មានអង់គ្លេសមួយនេះ ការបែកធ្លាយព័ត៌មានឯកជនរបស់លោក Bezos រួមមានទាំងសារជាច្រើនជាមួយមិត្តស្រី គឺលោកស្រី Lauren Sanchez ដែលត្រូវបានសារព័ត៌មាន National Enquirer យកទៅចុះផ្សាយបន្ត ទំនងជាមានពាក់ព័ន្ធនឹងការ Hack នេះ។ ម្យ៉ាងវិញទៀត តាមរយៈ ការវាយប្រហារព័ត៌មានវិទ្យានេះទៀតសោត ក៏អាចនឹងបង្កើតជាសំណួផងដែរថាតើព្រះអង្គម្ចាស់ ប៊ិនសាល់ម៉ាន និងមនុស្សជំនិត បានធ្វើអ្វីខ្លះ មុននឹងអតីតអ្នកកាសែត Washington Post លោក Jamal Khashoggi ត្រូវបានគេសម្លាប់នៅតួកគី កាលពីខែតុលា ឆ្នាំ២០១៨ ពោលគឺ៥ខែ បន្ទាប់ពីលេចធ្លាយព័ត៌មានថាទូរស័ព្ទដៃ លោក Jeff Bezos ត្រូវបានគេ Hack៕


Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម