អ៊ីរ៉ាក់ដាក់លិខិតតវ៉ាទៅកាន់ UN ពាក់ព័ន្ធការវាយប្រហាររបស់អាមេរិក និងអំពាវនាវឲ្យ UN ថ្កោលទោសអាមេរិក

(បាកដាដ)៖ ខណៈដែលកម្តៅរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងឈានទៅជិតដល់ ចំណុចកំពូលនោះ ប្រទេសអ៊ីរ៉ាក់ដែលស្ថិតនៅចំណុចកណ្តាលនៃជម្លោះវិញ ក៏បានបង្ហាញការកើតទុក្ខមិនសុខចិត្តផងដែរ ព្រោះក្រៅពីមេទ័ពកំពូលអ៊ីរ៉ង់ ដែលបានបាត់បង់ជីវិតនោះ មេបញ្ជាការទ័ពប៉ារ៉ាពិសេស ហាសដ៍ហ្សាអាប៊ី (Hashd Shaabi) ក៏បានបាត់បង់ជីវិតរួមជាមួយគ្នាផងដែរ។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២០។

ជុំវិញបញ្ហាខាងលើនេះ ក្រសួងការបរទេសអ៊ីរ៉ាក់បានបញ្ជាក់ថា លិខិតចំនួនពីរច្បាប់ ត្រូវបានបញ្ជូនទៅដល់ប្រធានក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) និងលោកអគ្គលេខាធិការផងដែរ ដើម្បីស្រាយបំភ្លឺ និងតវ៉ាជុំវិញការវាយប្រហារនានា ដោយសហរដ្ឋអាមេរិក ប្រឆាំងនឹងមូលដ្ឋានទ័ពទាំងឡាយរបស់អ៊ីរ៉ាក់ ជាពិសេសការធ្វើឃាតមេទ័ពកំពូលអ៊ីរ៉ង់ និងអ៊ីរ៉ាក់នៅក្នុងទឹកដាក់អ៊ីរ៉ាក់ផ្ទាល់ ដោយគ្រាន់តែមន្ត្រីទាំងនោះ មកបំពេញទស្សនកិច្ចកម្រិតខ្ពស់ជាធម្មតានោះ។

អ៊ីរ៉ាក់បានសង្កត់ធ្ងន់នៅក្នុងលិខិតនោះថា «ការវាយប្រហារដោយសហរដ្ឋអាមេរិក គឺជាការបង្ហាញអំពីសកម្មភាព បំពានអធិបតេយ្យភាពអ៊ីរ៉ាក់យ៉ាងធ្ងន់ធ្ងរ និងជាការរំលោភផងដែរទៅលើលក្ខខណ្ឌនានា ដែលចែងអំពីសិទ្ធិនៃវត្តមានកងទ័ពសហរដ្ឋអាមេរិក នៅក្នុងទឹកដីរបស់អ៊ីរ៉ាក់»។ បន្ថែមពីនេះទៀត អ៊ីរ៉ាក់ក៏បានអំពាវនាវផងដែរឲ្យក្រុមប្រឹក្សាសន្តិសុខ UN ថ្កោលទោសការទម្លាក់គ្រាប់បែក និងការសម្លាប់រង្គាលបង្កឡើងដោយកងទ័ពអាមេរិក។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុននេះ កងទ័ពអាកាសអាមេរិកបានប្រើប្រាស់យន្តហោះដ្រូន ធ្វើការវាយប្រហារទៅលើក្បួនរថយន្ត របស់មេទ័ពកំពូលអ៊ីរ៉ង់លោក សូឡៃមេនី (Soleimani) ដែលបានមកបំពេញទស្សនកិច្ចនៅអ៊ីរ៉ាក់។ ការវាយប្រហារនេះត្រូវបានធ្វើឡើង នៅក្នុងទីធ្លានៃព្រលានយន្តហោះអន្តរជាតិទីក្រុងបាកដាដ ហើយវាមិនត្រឹមតែបានធ្វើឲ្យ មេទ័ពកំពូលអ៊ីរ៉ង់បាត់បង់ជីវិតនោះទេ ដោយសូម្បីតែមេបញ្ជាការមួយរូប នៃកងកម្លាំងប៉ារ៉ាអ៊ីរ៉ាក់ Hashd Shaabi ក៏បានបាត់បង់ជីវិតមួយគ្នាក្នុងគ្រានោះដែរ៕




Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម