ព័ត៌មានលម្អិត ជុំវិញបេសកកម្មរបស់សម្តេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៅកូរ៉េខាងត្បូង និងទស្សនកិច្ចការងារនៅទីក្រុងប៉េកាំង
Cridit: Feshnews
(ភ្នំពេញ)៖ ក្នុងរយៈពេលប្រមាណជា ៣ថ្ងៃប៉ុណ្ណោះ បុរសខ្លាំងនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបំពេញបេសកកម្មប្រកបដោយជោគជ័យ នៅប្រទេសចំនួន២ ក្នុងតំបន់អាស៊ីបូព៌ា ក្នុងនោះមានការចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស រយៈពេល២ថ្ងៃកន្លះ នៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) និង ការបំពេញទស្សនកិច្ចការងាររយៈពេល ១ថ្ងៃ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីលើកទឹកចិត្តរដ្ឋាភិបាលចិន និងប្រជាជនចិន ដែលជាមិត្តដែកថែបរួមសុខរួមជោគវាសនាជាមួយកម្ពុជា។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅដល់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅវេលាម៉ោងប្រមាណ១រសៀលម៉ោងនៅកម្ពុជា ត្រូវនឹងម៉ោងប្រមាណ៣រសៀល ម៉ោងនៅកូរ៉េខាងត្បូង ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស។ នេះគឺជាបេសកកម្មក្រៅប្រទេសលើកដំបូង សម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២០នេះ។


បន្ទាប់ពីបានអញ្ជើញដល់ប្រទេសកូរ៉េខាងត្បូង កម្មវិធីដំបូងគេរបស់សម្តេចតេជោ ហ៊ុន សែន គឺជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងធ្វើការ និងរស់នៅប្រទេសកូរ៉េខាងត្បូង។ ជំនួបនេះបានធ្វើឡើង នៅសណ្ឋាគារឡូតេ នាទីក្រុងសេអ៊ូល នៅម៉ោង៥៖០០ល្ងាច ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។
ខណៈដែលកំពុងសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅប្រទេសកូរ៉េនេះ សម្តេចតេជោ ហ៊ុន សែន បាននឹករលឹកដល់និស្សិតខ្មែរ ២៣នាក់ ដែលកំពុងស្នាក់នៅទីក្រុងវូហាន ប្រទេសចិន ដែលជាក្រុងដំបូង នៃការផ្ទុះជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា។ សម្តេចក៏បានប្រកាសថា សម្តេចនឹងទៅសួរសុខទុក្ខនិស្សិតខ្មែរ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ប្រសិនបើរដ្ឋាភិបាលចិនអនុញ្ញាត។ ការប្រកាសនេះ ក៏បានឆ្លើយតបនឹងក្រុមប្រឆាំងមួយចំនួន ដែលទាមទារឱ្យសម្តេចទៅសួរសុខទុក្ខនិស្សិតខ្មែរ នៅក្រុងវូហានផងដែរ។ ទោះជាយ៉ាងនេះក្តី១ថ្ងៃ បន្ទាប់ពីការប្រកាសនេះ រដ្ឋាភិបាលក្រុងប៉េកាំង ពុំអនុញ្ញាតឱ្យសម្តេចទៅកាន់ទីក្រុងវូហាននោះទេ ដោយសារតែបារម្ភអំពីសុវត្ថភាពសម្តេច ខណៈដែលក្រុងវូហាននេះ កំពុងផ្ទុះជំងឺផ្លូវដង្ហើមកូរ៉ូណាធ្ងន់ធ្ងរនៅឡើយ។ រដ្ឋាភិបាលចិនបានឆ្លើយតប ដោយអនុញ្ញាតឱ្យសម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចការងារនៅទីក្រុងប៉េកាំងប៉ុណ្ណោះ។







ក្នុងពិធីបើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល សម្តេចតេជោ ហ៊ុន សែន បានផ្តល់ទស្សនៈចំនួន៤ ដល់វេទិកាពិភពលោក ដើម្បីពង្រឹងសន្តិភាព សន្តិសុខ និងអភិវឌ្ឍន៍មនុស្សជាតិ។ ទស្សនទានទាំង៤នោះ រួមមាន៖
ទី១៖ បន្តលើកកម្ពស់ប្រព័ន្ធពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើបទប្បញ្ញត្តិ សំដៅបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការ ដើម្បីធានាឱ្យបាននូវសន្តិភាព, សន្តិសុខ, សុវត្ថិភាព និងស្ថិរភាពយ៉ាងពេញលេញ តាមរយៈការជំរុញលើកកម្ពស់កិច្ចសន្ទនាជិតស្និទ្ធ, ការកសាងទំនុកចិត្ត ព្រមទាំងការដោះស្រាយបញ្ហាបញ្ហាតំបន់ដោយសន្តិវិធី និងដោយឈរលើគោលការណ៍នៃច្បាប់អន្តរជាតិ។
ទី២៖ ជំរុញវប្បធម៌សន្ទនាអន្តរជំនឿ ដើម្បីកសាងការយល់ដឹងអំពីគ្នាទៅវិញទៅមក, ការគោរពគ្នា, ការជឿទុកចិត្តគ្នា, ការអធ្យាស្រ័យគ្នាទៅវិញទៅមក និងការគោរពឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃកក្នុងរបស់ប្រទេសដទៃ ព្រោះថាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងពីសំណាក់ប្រទេសខាងក្រៅតែងតែនាំមកនូវក្តីវិនាស និងមហន្តរាយដល់ការអភិវឌ្ឍរបស់ប្រទេសនោះ។
ទី៣៖ ពង្រឹងកិច្ចសហប្រតិបត្តិការបន្តជំរុញសាកលភាវូបនីយកម្ម៖ ត្រូវធានាថាយន្តការកិច្ចសហប្រតិបត្តិការថា រក្សាបាននូវស្មារតីបើកចំហ និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាពិសេសការពនឿនការតភ្ជាប់រវាងសង្គម និងសេដ្ឋកិចរបស់យើងសម្រាប់ជំរុញរបៀបវារៈនៃការអភិវឌ្ឍរបស់ប្រទេសនីមួយៗ និងសម្រេចបាននូវការអភិវឌ្ឍប្របកដោយចីរភាព និងបរិយាប័ន្ន។
ទី៤៖ ជំរុញការអភិវឌ្ឍតាមរយៈអភិក្រមក្នុងការកំណត់កត្តាមនុស្សជាស្នូល (People-centric Approad) ជាពិសេសចំពោះកិច្ចការងារអភិវឌ្ឍន៍ និងពង្រឹងប្រព័ន្ធសុខុមាលភាពសង្គម ដូចជាការពង្រឹងគុណភាពការអប់រំ, ការកែលមួសុខុមាលភាពការរស់នៅ, ការកាត់បន្ថយភាពក្រីក្រ និងការបង្រមគម្លាតនៃការអភិវឌ្ឍឱ្យស្របទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស និងឥតឈប់ឈរនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម។



សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានឃើញកិច្ចព្រមព្រៀងការមិនយកពន្ធត្រួតគ្នា ដែលត្រូវបានចុះហត្ថលេខា កាលពីចុងឆ្នាំ២០១៩ ដែលកិច្ចព្រមព្រៀងនឹងផ្តល់ភាពងាយស្រួល សម្រាប់អ្នកវិនិយោគប្រទេសទាំងពីរ ក្នុងការបណ្ដាក់ទុនរកស៊ី។ សម្ដេចបានបញ្ជាក់ថា ការកែទម្រង់ការវិនិយោគ នឹងផ្ដល់ឱកាសសារជាថ្មីចំពោះអ្នកវិនិយោគ ហើយសង្ឃឹមថា លោកប្រធានាធិបតី នឹងជួយជំរុញឲ្យអ្នកវិនិយោគិនកូរ៉េបន្តមកដាក់ទុនវិនិយោគនៅកម្ពុជា។
សម្ដេចបានបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកម្ពុជា-កូរ៉េ បានបន្តកើនឡើងនៅឆ្នាំ២០១៩ កន្លងទៅ ក្នុងន័យនេះសម្ដេចតេជោចង់ឃើញឲ្យមានការនាំចេញផលិតផលរបស់កម្ពុជាបន្ថែមទៀតមកកាន់ទីផ្សារកូរ៉េ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញអំពីបំណងរបស់សម្តេចដែលចង់ឃើញមានវត្តមានស្ពានកូរ៉េខាងត្បូង ស្ថិតនៅលើទឹកដីកម្ពុជា ដូចទៅនឹងស្ពានរបស់ចិន និងជប៉ុន នាពេលបច្ចុបន្ននេះដែរ។


រហូតដល់ព្រឹកថ្ងៃ០៥ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានបន្តទទួលជួប លោកសាស្ត្រាចារ្យ Anh Moon Suk ប្រធានគណៈកម្មាធិការប្រឹក្សាយោបល់កូរ៉េខាងត្បូង។ ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យភាគីកូរ៉េខាងត្បូង ចែករំលែកបទពិសោធន៍ជាក់លាក់ ពាក់ព័ន្ធនឹង E-Government ដល់កម្ពុជា។
មុនពេលធ្វើដំណើរចាកចេញពីទីក្រុងសេអ៊ូល បន្តទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន សម្តេចតេជោ ហ៊ុន សែន ត្រូវបាននាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក ជុង សៃឃ្យូង (Chung Sye Kyun) រៀបចំពិធីលៀងសាយភោជន៍ អាហារថ្ងៃត្រង់ការងារថ្នាក់ខ្ពស់បំផុតជូនផងដែរ។ ពិធីដ៏មានអត្ថន័យនេះ ក៏មានការចូលរួមពីឥស្សរជនថ្នាក់ដឹកនាំជាន់ខ្ពស់ រដ្ឋាភិបាលកូរ៉េខាងត្បូង និងកម្ពុជា។ នៅក្នុងពិធីនោះ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង បានមានប្រសាសន៍ថា កម្ពុជាគឺជាមិត្តដ៏គួរឲ្យទុកចិត្តបំផុតរបស់សាធារណរដ្ឋកូរ៉េ តាមរយៈនេះទំនាក់ទំនង នៃប្រទេសទាំងពីរ កម្ពុជា-សាធារណរដ្ឋកូរ៉េ មានការរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសចាប់តាំងតែពីប្រទេសបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា កាលពីឆ្នាំ១៩៩៧ រហូតមកដល់បច្ចុប្បន្ន។
ក្នុងនាមថ្នាក់ដឹកនាំកំពូលៗរបស់សាធារណរដ្ឋកូរ៉េ ប្រជាជនកូរ៉េ លោកបានថ្លែងអំណរយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះតួនាទីយ៉ាងសកម្មបំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងទំនាក់ទំនងនៃប្រទេសទាំងទាំងពីរ ទាំងក្នុងទំនាក់ទំនងទ្វេភាគី ពហុភាគី និងបញ្ហាអន្តរជាតិ ពិសេសលោកសូមកោតសរសើរដោយស្មោះ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានបង្កើតនូវគំនិតផ្តួចផ្តើមឲ្យមានកិច្ចប្រជុំកំពូលមេគង្គ សាធារណរដ្ឋកូរ៉េ។ ជាមួយគ្នានេះ លោកក៏បានកោតសរសើរចំពោះនយោបាយដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងបណ្តាប្រទេសអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូ ចាកចេញពីទីក្រុងសេអ៊ូល នៅម៉ោង១៣៖៥០នាទី (ម៉ោងនៅទីក្រុងសេអ៊ូល ត្រូវនឹង១១៖៥០នាទីម៉ោងនៅកម្ពុជា) ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបពិភាក្សាការងារជាមួយមេដឹកនាំកំពូលៗរបស់ចិន មុននឹងវិលត្រឡប់មកកាន់មាតុភូមិវិញ។
បន្ទាប់ពីចាកចេញពីទីក្រុងសេអ៉ូល សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញទៅដល់ទីក្រុងប៉េកាំង នៅវេលាម៉ោង២៖៣០នាទីរសៀល ម៉ោងនៅរាជធានីភ្នំពេញ ត្រូវនឹងម៉ោង៣៖៣០នាទីនៅទីក្រុងប៉េកាំង ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចការងាររយៈពេល១ថ្ងៃ តបតាមការអញ្ជើញរបស់ លោក លី ខឺឈាន នាយករដ្ឋមន្រ្តីចិន។ នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំង សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា ត្រូវបានទទួលបដិសណ្ឋារកិច្ចដោយ រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាង យី ។

គិតចាប់ពីមានការផ្ទុះជំងឺថ្មីកូរ៉ូណាថ្មី ដែលផ្តើមផ្ទុះពីទីក្រុងវូហាន តាំងពីដើមខែធ្នូ ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចកំពូលមួយនៅលើពិភពលោក ដែលបានជួយការអភិវឌ្ឍប្រទេសជាច្រើនជាពិសេសប្រទេសដែលស្ថិតនៅក្នុងគោលនយោបាយ «ខ្សែក្រវ៉ាត់ និងផ្លូវ»នោះ មិនមានមេដឹកនាំប្រទេសដទៃណាម្នាក់ ហ៊ានទៅកាន់ប្រទេសចិនឡើយ។ សារព័ត៌មានខ្លះ ដែលគាំទ្រដោយលោកខាងលិច បានឆ្លៀតវាយប្រហារចិនដែលកំពុងរងគ្រោះធ្ងន់ធ្ងរនោះ យ៉ាងខ្លាំងក្លា។ សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំដំបូងគេ ដែលបានទៅកាន់ប្រទេសចិន។
ខណៈដែលមានវត្តមាននៅប្រទេសចិន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក លី ខឺឈាង នាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋប្រជាមានិតចិន នៅវេលាម៉ោងប្រមាណ៥៖៣០នាទីរសៀល (ត្រូវនឹងម៉ោង ៤៖៣០នាទីនៅកម្ពុជា) ថ្ងៃទី០៥ ខែកុម្ភៈ។ ក្នុងជំនួបជាមួយ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ដំណើរទស្សនកិច្ចការងាររបស់សម្ដេចលើកនេះ គឺចង់បង្ហាញពីការគាំទ្រ ជាមួយប្រទេសចិន ក្នុងពេលដែលចិនកំពុងតែប្រយុទ្ធប្រឆាំង ទៅនឹងវីរុសកូរ៉ូណានេះ។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ដ្រីចិន បានបញ្ជាក់ប្រាប់សម្ដេចតេជោថា រដ្ឋាភិបាលចិន នឹងធ្វើគ្រប់មធ្យោបាយទាំងអស់ ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅក្នុងប្រទេសចិន កុំឲ្យមានភាពភ័យខ្លាចនឹងជំងឺ ដែលបង្កឡើងដោយវីរុសកូរ៉ូណា។ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រាប់នាយករដ្ឋមន្ដ្រីចិនថា អ្វីដែលសំខាន់មិនមែន ដោយសារវីរុសកូរ៉ូណាទេ ប៉ុន្តែគឺជាការភ័យខ្លាចរបស់ប្រជាពលរដ្ឋ។ សម្ដេចបានចាត់ទុកថា បញ្ហាជំងឺកូរ៉ូណានេះគឺជាសង្គ្រាមចិត្តសាស្រ្ត ដែលកំពុងធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច ហើយមានមតិខ្លះចោទប្រកាន់ថា រាជរដ្ឋាភិបាលថា បានដោះដូរអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាជាមួយទំនាក់ទំនងកម្ពុជាចិនទៅវិញ។









Comments