ក្រុមអ្នកស្រាវជ្រាវជប៉ុនសម្រេចជោគជ័យ ក្នុងការញែកវីរុសកូរ៉ូណាប្រភេទថ្មី ចេញពីខ្លួនអ្នកជំងឺ និងកំពុងឈានទៅបង្កើតវ៉ាក់សាំងព្រមទាំងថ្នាំ

(តូក្យូ)៖ ក្រុមអ្នកស្រាវជ្រាវជប៉ុនបានប្រកាសថា ពួកគេបានទទួលជោគជ័យ នូវការញែកចេញ និងរក្សាទុកវីរុសកូរ៉ូណាប្រភេទថ្មី ដែលយកចេញពីខ្លួនអ្នកជំងឺផ្ទុកវីរុសនេះ ដើម្បីធ្វើការសិក្សាព្រមទាំងបង្កើតវ៉ាក់សាំង និងថ្នាំព្យាបាលជំងឺរលាកសួត ដែលកើតឡើងនៅពេលអ្នកជំងឺណាម្នាក់ ឆ្លងវីរុសដ៏កាចសាហាវនេះចូលក្នុងខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយពី NHK នៅរសៀលថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រុមអ្នកស្រាវជ្រាវនៃវិទ្យាសាស្ត្រជាតិសិក្សាពីជំងឺឆ្លងជប៉ុន (NIID) បានប្រកាសអំពីជោគជ័យខាងលើកាលពីថ្ងៃសុក្រសប្តាហ៍នេះ ខណៈអ្នកឆ្លងវីរុសកូរ៉ូណាថ្មី នៅជប៉ុនគិតត្រឹមថ្ងៃសៅរ៍នេះមានរហូតដល់ទៅ ១៤នាក់។

ក្រុមអ្នកស្រាវជ្រាវជប៉ុនក៏កំពុងបន្តធ្វើការសិក្សាអំពីដំណើរនៃការឆ្លង និងជាពិសេសគឺការស្វែងយល់អំពីអាវុធនានា ដែលវីរុសកូរ៉ូណាប្រភេទថ្មីនេះប្រើប្រាស់ ដើម្បីឆ្លង និងវាយប្រហារក្នុងខ្លួនមនុស្ស។

គួរបញ្ជាក់ថា ក្រុមអ្នកស្រាវជ្រាវរបស់ NIID ក៏មានបំណងចែករំលែកនូវសំណាកវីរុសកូរ៉ូណាថ្មីនេះ ទៅកាន់មន្ទីរពិសោធន៍នានា ទូទាំងប្រទេស និងអាចនៅក្រៅប្រទេសផងដែរ ដើម្បីឲ្យក្រុមអ្នកស្រាវជ្រាវទាំងឡាយ ធ្វើការសិក្សារួមគ្នា និងរកវិធីទប់ទល់វីរុសនេះ តបតាមការអំពាវនាវអង្គការសុខភាពពិភពលោក WHO។ ជប៉ុនគឺជាប្រភេទទីបីហើយ បន្ទាប់អូស្ត្រាលី និងប្រទេសចិនផ្ទាល់ ដែលអាចធ្វើការញែក ឬបង្កើតវីរុសកូរ៉ូណាប្រភេទថ្មី នៅក្នុងមន្ទីរពិសោធន៍៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម