លិខិតមិត្តអ្នកអាន៖ «ការថែរក្សាវប្បធម៌ប្រពៃណីល្អរបស់ខ្មែរ មិនមែនជាការរើសអើង និងបំបិទសេរីភាពទេ!»

(ភ្នំពេញ)៖ វាជាការគួរឲ្យហួសចិត្តនិងអស់សំណើចនៅពេលដែលឃើញជនជ្រុលនិយមនៅកម្ពុជាមួយក្តាប់តូចមានទាំងខ្មែរ និងជនបរទេសដែលបង្កប់ខ្លួនក្នុងអង្គការ សិទ្ធិមនុស្សមួយចំនួនដែលមានបេសកកម្មជួយគាំទ្រក្រុមប្រឆាំងដើម្បីផ្តួលរំលំរដ្ឋាភិបាល បាននាំគ្នារិះគន់វិធានការរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះអ្នករកស៊ីលក់ឥវ៉ាន់តាមអនឡាញ ដែលចូលចិត្តបញ្ចេញកេរខ្មាសដើម្បីទាក់ទាញអថិជន និងវិធានការចំពោះវីដេអូអាសអាភាសទាក់ទងនឹងស្ត្រីខ្មែរ តាមបណ្តាញសង្គមថា ជាការរើសអើង និងបំបិទសិទ្ធិសេរីភាពទៅវិញ។

សំណួរដែលយើងទាំងអស់គ្នាជាពូជពង្សខ្មែរត្រូវចោទសួរដល់អ្នកទាំងអស់នោះគឺ៖

តើអស់លោកចង់បានសេរីភាពឲ្យមនុស្សដើរស្រាតពេញផ្លូវ - សេរីភាពថតរូបអាសអាភាសបង្ហោះតាមេហ្វសប៊ុកព្រោងព្រាត - សេរីភាពប្រព្រឹត្តអំពើអនាចារ្យពេញផ្ទៃប្រទេស និងសេរីភាពជេរម្រមាថគ្នាតាមអំពើចិត្ តទើបហៅថាជាប្រជាធិបតេយ្យឬយ៉ាងណា?

គេនៅចាំបានថា កាលពីពេលដែលរាជរដ្ឋាភិបាលផ្តួចផ្តើមគំនិតធ្វើសេចក្តីព្រាងច្បាប់ប្រឆាំងនឹងការជេរប្រមាថ អង្គព្រះមហាក្សត្រ ក៏ក្រុមដដែលនេះបានឡាំប៉ា ប្រឆាំងយ៉ាងខ្លាំងដែរក្រោម ហេតុផលថា ច្បាប់នោះគឺជាការបំបិទសិទ្ធិសេរីភាព និងកាត់បន្ថយលំហរ ប្រជាធិបតេយ្យនៅកម្ពុជា។

ក្នុងនាមកូនខ្មែរនិងមានឈាមជ័រជាខ្មែរ ខ្ញុំមានទស្សនៈយល់ឃើញថា ពាក្យ «ប្រជាធិបតេយ្យ និងសេរីភាព» ដែលពួកក្រុមប្រឆាំងទាំងនោះបាន ប្រើគឺដើម្បីគ្រាន់តែបិទបាំងនូវអំពើទុច្ចរិតនិង នយោបាយប្រជាភិថុតិ ប្រជោនិយមរបស់ខ្លួនតែប៉ុណ្ណោះ។ ប្រជាធិបតេយ្យ និងសេរីភាពដែលក្រុមជ្រុលនិយមទាំងនេះចង់បានគឺ ការធ្វើឲ្យប្រទេសធ្លាក់ក្នុងភាពអសណ្តាប់ធ្នាប់ បាត់បង់សេចក្តីថ្លៃថ្នូរ និងឈានទៅបំផ្លាញវប្បធម៌និងប្រណៃណីដែលជាអត្តសញាណ របស់ជាតិខ្មែរតែប៉ុណ្ណោះ។ អ្វីដែលអស្ចារ្យថែមទៀតនោះគឺអ្នកដែលអះអាងថា ជាអ្នកការពារស្ត្រី តែបែរជាការពារស្ត្រីដែលយកកេរខ្មាសធ្វើដើមទុន ទៅវិញ គឺមិនមែនការពារសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរនោះទេ។

មកដល់ត្រង់នេះ ខ្ញុំនៅចាំបានថា អង្គការសិទ្ធិមនុស្សមួយចំនួនធ្លាប់ត្រូវបានមហាជនចោទថា ជាអង្គការការពារចោរ។ មូលហេតុគឺពេលមានអំពើរចោរលួចឬប្លន់ម្តងៗ អង្ឋកការ សិទ្ធិមនុស្សទាំងនោះមិនបានខ្វាយខ្វល់ពីម្ចាស់ទ្រព្យដែលត្រូវបានចោរបាញ់ស្លាប់ ឬរងរបួសនោះឡើយ តែបែរជានៅចាំការពារចោរខ្លាចគេធ្វើបាបទៅវិញ។

ងាកមកនិយាយពីរឿងអាសអាភាស ពួកគេប្រហែលមិនដឹងទេថា បច្ចុប្បន្ននេះនរណាក៏ទើសភ្នែកដែរពេលឃើញស្ត្រីអ្នកលក់ឥវ៉ាន់តាមអនឡាញមួយចំនួនធ្វើបែបនេះ។ មតិមហាជនទូទៅ មានតែជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ចំពោះរឿងនេះ។


ចុះហេតុអ្វីបានជាមនុស្សមួយក្រុមដែលវង្វេងឈាមជ័រទៅជាខំការពារអំពើអសីលធម៌បែបនេះទៅវិញ?

សូមកុំភ្លេចថា ខ្មែរជាជនជាតិដែលមានវប្បធម៌មានប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អប្រពៃរបស់ខ្លួនដែលត្រូវបានគេទទួលស្គាល់ថា ជាជនជាតិថ្លៃថ្នូរដែល មានសីលធម៌និងមានវប្បធម៌ដ៏ចំណាស់បំផុតមួយនៅអាស៊ី។ វប្បធម៌និងប្រពៃណីខ្មែរគឺ មិនមែនពារលាអាវ៉ាសែ, អាសអាភាសនិងអនាចារ្យនោះឡើយ។ ប្រជាជនខ្មែរ មានទំនៀមទម្លាប់និងប្រពៃណីល្អនៅក្នុងសង្គមមួយដែលមានការគោរពគ្នា, មានពាក្យសម្តីទន់ភ្លន់, មានការខ្មាសអៀន ជាពិសេសគឺស្ត្រីខ្មែរតែម្តងដែលជា អ្នកស្អប់ខ្ពើមបំផុតនូវអំពើអាសអាភាស ពាលាអាវ៉ាសែនិងអំពើអនាចារ្យ។

ប៉ុន្តែនៅក្នុងយុគសម័យដែលបច្ចេកវិទ្យារីកលូតលាស់ខ្លាំង ហើយបណ្តាញសង្គមបានក្លាយជាទីពេញនិយមរបស់មហាជនទូទៅក៏ស្រាប់តែមានជនឆ្លៀតឱកាស ប្រើប្រាស់បណ្តាញសង្គមទាំងនោះដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ហើយនាំគ្នាបំភ្លេចចោលនូវភាពថ្លៃថ្នូររបស់ជាតិសាសន៍ខ្លួនឯង។ រូបភាពអាសអាភាស លិចលើលេចក្រោម បញ្ចេញកេរខ្មាស អមដោយការប្រើពាក្យសម្តីអាស ឬក៏ការជេរប្រមាថគ្នាមិនចេះអៀនខ្មាសដែល មិនមែនជាវប្បធម៌ខ្មែរ បានហូរចេញពីបបូរមាត់របស់មនុស្សខ្មែរមួយចំនួនក្នុងនោះក៏មានស្ត្រីខ្លះដែរ។

ក្នុងស្ថានភាពបែបនេះក្នុងនាមជាអ្នកដឹកនាំប្រទេសដែលមានកាតព្វកិច្ចអនុវត្តតាមស្មារតីនៃរដ្ឋធម្មនុញ ខ្ញុំកត់សំគាល់ឃើញនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែរំលឹក ដាស់តឿននិងដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីការពារវប្បធម៌ និង ប្រពៃណីដ៏ល្អរបស់ជាតិយើង។

ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយបំផុតនោះ គឺនៅតែមានមនុស្សមួយចំនួនដែលយល់ថា វប្បធម៌បរទេសជាពិសេសគឺ វប្បធម៌របស់ប្រទេសលោកខាងលិចអាចចម្លងយកមកអនុវត្តន៍នៅកម្ពុជា ហើយចង់បំភ្លេចចោលវប្បធម៌របស់ខ្លួន។ ពួកគេប្រហែលជាចង់ឃើញពលរដ្ឋខ្មែរអនុវត្តសិទ្ធិសេរីភាពដូចបណ្តាប្រទេសលោកខាងលិចមួយចំនួន ដែលមនុស្សប្រមូលផ្តុំគ្នាដើរស្រាតតាមផ្លូវ ឬស្រីៗ នាំគ្នាដេកស្រាតនៅមាត់សមុទ្រ ឬក៏អនុញ្ញាតឲ្យខ្មែរថតវីដេអូអាសអាភាសដាក់លក់លើទីផ្សារទើបហៅថា «ប្រជាធិបតេយ្យ និងសេរីភាពពេញលេញ ឬ យ៉ាងណា?

មកដល់ចំណុចនេះ ខ្ញុំសូមសម្តែងការគាំទ្រយ៉ាងមុតមាំចំពោះជំហរជាគោលការណ៍របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកំណត់ថា «កម្ពុជាបន្តដើរនៅលើ មាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្សតាមលក្ខណៈពិសេសរបស់កម្ពុជា»។

ជាការត្រឹមត្រូវណាស់ព្រោះប្រទេសកម្ពុជាពិតជាមានលក្ខណៈ ពិសេសនិង ដោយឡែករបស់ខ្លួនច្រើនរាប់មិនអស់ទាំងនៅលើទិដ្ឋភាពភូមិសាស្ត្រ ប្រវត្តិសាស្ត្រ នយោបាយ ជាពិសេសគឺលក្ខណៈពិសេសនៃវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរនៃនារីខ្មែរយើង។

សរុបមកវិញ ក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជាក៍ដូចជាជនបរទេស ដែលឈរក្រោមផ្លាកសិទ្ធមនុស្សមួយចំនួនមានខួរក្បាលនិងផ្នត់គំនិតតែម្យ៉ាងគត់គឺ ការ ប្រឆាំងជាមួយអ្វីដែលបក្សកាន់អំណាចធ្វើ ជាពិសេស គឺប្រឆាំងជាមួយបុគ្គលនាយករដ្ធមន្ត្រី ហ៊ុន សែន តែម្តង។ ខ្ញុំយល់ថាបើជាការប្រឆាំងរិះគន់លើចំណុចខ្សោយ របស់រដ្ឋាភិបាល នោះវាជា រឿងធម្មតារបស់បក្សប្រឆាំងនៅលើពិភពលោក។ ប៉ុន្តែអ្វីដែលចម្លែកសម្រាប់ក្រុមប្រឆាំងទាំងនេះគឺការប្រឆាំងនិងវាយប្រហារលើ ចំណុចខ្លាំងរបស់រដ្ឋាភិបាល ពោលគឺ ប្រឆាំងនឹងអ្វីដែលគេធ្វើត្រូវ។

លើការជាក់ស្តែងការប្រឆាំងនឹងទំនាមទម្លាប់ល្អរបស់ជាតិក្រោមលេស ប្រជាធិបតេយ្យ, សិទ្ធិមនុស្ស និងសេរីភាព គឺគ្មានអ្វីក្រៅពីក្នុងគោលបំណងចង់ប្រែក្លាយ ប្រទេសខ្មែរឲ្យធ្លាក់ក្នុងភាពអនាធិបតេយ្យអនាចារ្យតែប៉ុណ្ណោះ។

ជាច្រើនឆ្នាំកន្លងមកនេះ ខ្ញុំកត់សំគាល់ឃើញថា ពាក្យសេរីភាព និងប្រជាធិបតេយ្យធ្លាប់ត្រូវបានក្រុមទាំងនេះប្រើជាលេស និងខែលដើម្បីជាន់ឈ្លីច្បាប់ និងបំពានសណ្តាប់ធ្នាប់សាធារណៈជារៀងរហូតមក។ សេរីភាពនិង ប្រជាធិបតេយ្យត្រូវបានគេប្រើដើម្បីការពារវប្បធម៌លាបពណ៌និងជេរប្រមាថ ដែលពួកគេបង្កើតឡើង។ ហើយឥឡូវនេះ សេរីភាព និងប្រជាធិបតេយ្យត្រូវបានក្រុមពួកគេដដែលហ្នឹងយកមកប្រើដើម្បីការពារអំពើអនាចារ្យថែមទៀត។

ដូច្នេះប្រជាពលរដ្ឋខ្មែរគួរតែ ស្គាល់ចំណាំមុខមាត់និងឈ្មោះរបស់ក្រុមនេះឲ្យបានច្បាស់ព្រោះគោលបំណង និងទង្វើពិតប្រាកដរបស់ក្រុមនេះមិនមែនជាអ្នកជួយ ការពារសេចក្តីថ្លៃថ្នូររបស់ស្រ្តីខ្មែរនោះទេ ហើយក៏មិនមែនជាអ្នកការពារសេរីភាព ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សអ្វីនោះឡើយ។

ទន្ទឹមនឹងនោះពលរដ្ឋខ្មែរក៏បានស្គាល់ និងយល់ដឹងកាន់តែច្បាស់ថា គ្មានអ្នកណាក្រៅពីនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ ដែលជានិច្ចកាលតែងតែឈរយ៉ាងរឹងមាំជាអ្នកការពារសន្តិភាព ការពារអធិប្បតេយ្យជាតិ ការពារស្ថិរភាពសង្គមពិតប្រាកដ និងជាពិសេសការពារកិត្តិយស សេចក្តីថ្លៃថ្នូរ វប្បធម៍ ប្រពៃណី និងទំនៀមទំលាប់របស់ជាតិ និងស្ត្រីខ្មែរយើង៕

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម