អគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិក៖ «វាជារឿងឆ្កួតឡប់បំផុតដែលទៅជឿពាក្យចចាមអារ៉ាមថា វីរុសកូរ៉ូណាថ្មីផ្ទុះឡើង ដោយសារតែការធ្វើតេស្តអាវុធជីវសាស្ត្រចិន»

(វ៉ាស៊ីនតោន)៖ អគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិកលោក គុយ ធានកៃ (Cui Tiankai) បានទាត់ចោលទាំងស្រុងនូវពាក្យចចាមអារ៉ាមដែលថា វីរុសកូរ៉ូណាថ្មី (2019-nCoV) ផ្ទុះឡើងដោយសារតែ «ការធ្វើតេស្ដអាវុធជីវសាស្ត្ររបស់ចិន» ហើយលោចាត់ទុកថាវាគឺជារឿង «ផ្ដេសផ្ដាស និងឆ្កួតឡប់បំផុត» ដែលជាការបង្កការភ័យខ្លាច និងគ្រោះថ្នាក់តែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន RT នៅរសៀលថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS កាលថ្ងៃអាទិត្យ (ម៉ោងនៅវ៉ាស៊ីនតោន) លោកអគ្គរដ្ឋទូតចិន Cui Tiankai បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាគឺជារឿងផ្ដេសផ្ដាស និងឆ្កួតឡប់បំផុត ដែលទៅជឿពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន ខណៈអ្នកវិទ្យាសាស្ត្រពិភពលោកទាំងមូល ដែលកំពុងធ្វើការងារទាំងយប់ទាំងថ្ងៃ មិនទាន់អាចធ្វើការសន្និដ្ឋានណាមួយផង។ ពាក្យចចាមអារ៉ាមទាំងអស់នេះ នឹងមានតែបង្កភាពភ័យខ្លាច ការរើសអើង និងគ្រោះថ្នាក់តែប៉ុណ្ណោះ... ម្យ៉ាងវិញទៀតក៏មានមនុស្សខ្លះនាំគ្នានិយាយផងដែរថា វីរុសកូរ៉ូណាបានផ្ទុះឡើង ចេញពីការធ្វើតេស្ដអាវុធជីវសាស្ត្រ នៃមន្ទីរពិសោធន៍យោធាមួយចំនួន តែមិនមែននៅចិននោះទេ គឺអាចនៅសហរដ្ឋអាមេរិក... ដូច្នេះតើយើងអាចជឿរឿងឆ្កួតឡប់បែបនេះ បានដែរឬទេ?»។

គួរបញ្ជាក់ថា លោក Cui Tiankai ធ្វើការកត់សម្គាល់ខាងលើ ជាការឆ្លើយតបទៅនឹងសំនួរពិធីការនីទូរទស្សន៍ CBS អ្នកនាង ម៉ាហ្គារ៉េត ប្រ៊េនណិន (Margaret Brennan) ដែលចោទសួរថា តើលោកមានអ្វីឆ្លើយតបទៅនឹងសមាជិកព្រឹទ្ធសភាអាមេរិក មកពីគណៈកម្មាធិការសេវាកម្មអាវុធ និងស៊ើបការណ៍សំងាត់លោក ថម ខូតថុន (Tom Cotton) ដែលបានលើកឡើងកាលពីសប្ដាហ៍មុនថា ទីក្រុងប៉េកាំងបានកុហកពិភពលោក និងប្រជាជនរបស់ខ្លួន ហើយថាវីរុសកូរ៉ូណាទំនងជាមានប្រភព ចេញមកពីកម្មវិធីអាវុធជីវសាស្ត្ររបស់ចិននោះ?

បច្ចុប្បន្នប្រភពពិតប្រាកដនៃវីរុសកូរ៉ូណាថ្មី មិនទាន់ត្រួវបានគេកំណត់ឱ្យច្បាស់នៅឡើយទេ បើទោះជាអ្នកជំនាញមួយចំនួនយល់ថា វាមានដើមកំណើតចេញពីផ្សារលក់គ្រឿងសមុទ្រ និងសាច់សត្វព្រៃមួយកន្លែងនៅក្នុងទីក្រុងវូហាន នៃខេត្តហ៊ូប៉ី (Hubei) ប្រទេសចិនក៏ដោយ។ ដោយឡែកអាជ្ញាធរចិន នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នេះបានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃ អំពីស្ថានភាពនៃការរីករាលដាលវីរុសកូរ៉ូណាថ្មីឲ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនដល់ ៩០៨នាក់បានស្លាប់ និង ៤០,១៧១នាក់ឆ្លង៕




Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម