លោក ដូណាល់ ត្រាំ សន្យាបង្កើត «កងកម្លាំងនុយក្លេអ៊ែរដ៏ខ្លាំងក្លា» គ្មានគូប្រៀបនៅលើពិភពលោក

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ដោយមិនមានសន្ធិសញ្ញាគ្រប់គ្រងអាវុធជាមួយរុស្ស៊ី និងចិន សហរដ្ឋអាមេរិក នឹងបង្កើតកងកម្លាំងនុយក្លេអ៊ែរដ៏ខ្លាំងក្លាលេខមួយ នៅលើពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងជំនួបជាមួយក្រុមអភិបាលរដ្ឋ នៅ ឯសេតវិមាន នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) ជាមួយ ការបញ្ជាក់ដែរថា សហរដ្ឋអាមេរិក មានមីស៊ីលកំពូលល្បឿនជាច្រើនគ្រាប់ ដែលចាំបាច់សម្រាប់ប្រទេសជាតិ ខណៈរុស្ស៊ី និងចិន ក៏មានអាវុធបែបនេះដែរ។ ថ្លែងនាឱកាសនោះ លោក ត្រាំ បានបន្ថែមដូច្នេះថា៖ «យើងមានមីស៊ីលកំពូលល្បឿន ក្នុងចំនួនមួយដ៏ច្រើន...យើងហៅពួកវាថាមីស៊ីលកំពូលល្បឿន ពីព្រោះ ពួកវាមានល្បឿនលឿនជាងមីស៊ីលធម្មតា ៤ដង, ៥ដង, ៦ដង និង៧ដង ហើយយើងត្រូវការមីស៊ីលទាំងនេះជាចាំបាច់ ដោយសារតែរុស្ស៊ីមានមីស៊ីលបែបនេះ រួចទៅហើយ។ ពួកគេមានមីស៊ីលបែបនេះ មកពីយើងមិនបានធ្វើអ្វីទាល់តែសោះនៅជំនាន់រដ្ឋបាលអូបាម៉ា។ វាគឺរឿងដ៏អាក្រក់ តែវាបានកើតឡើង ទៅហើយ រីឯចិនវិញ ដូចអ្នកទាំងអស់គ្នាដឹងស្រាប់ គឺកំពុងប្រឹងផលិតដូចគ្នា»។

គួរជម្រាបថា កាលពីឆ្នាំ២០១៩ សហរដ្ឋអាមេរិក និងរុស្ស៊ី បានដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF ដោយចោទគ្នាទៅវិញទៅមកថា បានរំលោភបំពាន លើសន្ធិសញ្ញានេះ។ មិនតែប៉ុណ្ណោះ លោក ដូណាល់ ត្រាំ ក៏បានលើកឡើងផងដែរនូវគំនិតចង់បញ្ចូលចិន ក្នុងសន្ធិសញ្ញាជាមួយទីក្រុង វ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ តែទីក្រុងប៉េកាំងបដិសេធ៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម