ទីបំផុតអ៉ីរ៉ង់កាត់ទោសប្រហារជីវិតបុរសម្នាក់ ដែលបានលួចស៊ើបការណ៍សម្ងាត់ឲ្យ CIA របស់អាមេរិក

(តេហេរ៉ង់)៖ អាជ្ញាធរអ៉ីរ៉ង់នៅថ្ងៃអង្គារនេះបានឲ្យដឹងថា បុរសម្នាក់ដែលជាគិញរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA ត្រូវបាន ផ្តន្ទាទោសប្រហារជីវិត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។

អ្នកនាំពាក្យស្ថាប័នយុត្តិធម៌របស់អ៉ីរ៉ង់ លោក ហ្គោឡាំហូស្សេន អ៊ីស្មៃលី (Gholamhossein Esmaili) បាននិយាយថា បុរសម្នាក់នោះឈ្មោះ អាមើ រ៉ាហ៊ីមភួ (Amir Rahimpur) ដែលជាគិញរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA នៃសហរដ្ឋអាមេរិក ក្រោយពីទទួលបានលុយយ៉ាងច្រើនសម្បើម បានព្យាយាមលួចយកព័ត៌មានយ៉ាងសំខាន់ ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ទៅឲ្យទីភ្នាក់ងារ CIA នោះត្រូវបានតុលាការជំនំជម្រះក្តី ព្រមទាំងផ្តន្ទាទោសប្រហារជីវិត ខណៈការអនុវត្តទោសនេះនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗ។ ចំណែកបុគ្គលពីរនាក់ទៀត ដែលរងការចោទប្រកាន់ស្រដៀងគ្នា ក៏ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ០៥ឆ្នាំ និង ១០ឆ្នាំផងដែរ។

គួរជម្រាបថា កំឡុងពាក់កណ្តាលឆ្នាំ២០១៩ អាជ្ញាធរអ៉ីរ៉ង់បានប្រកាសពីការបង្រ្កាបបាននូវ បណ្តាញស៊ើបការណ៍សម្ងាត់ទ្រង់ទ្រាយធំមួយ របស់ទីភ្នាក់ងារអាមេរិក CIA នៅក្នុងទឹកដីអ៉ីរ៉ង់ ដែលក្នុងនោះមានបុគ្គលសរុបប្រមាណ ១៧នាក់ដែលជាគិញរបស់ CIA។ ទំនាក់ទំនងរវាងអ៉ីរ៉ង់ និងអាមេរិកបានធ្លាក់ចុះដុនដាបខ្លាំង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសដកប្រទេសលោកចេញពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់កាលពីខែឧសភា ឆ្នាំ២០១៨ ហើយកាលពីខែមករាកន្លងទៅវិញ ស្ថានការណ៍បានផុយស្រួយមែនទែននៅ ពេលដែលយោធាអាមេរិកបានធ្វើការវាយប្រហារតាមផ្លូវអាកាស សម្លាប់មេទ័ពកំពូលអ៉ីរ៉ង់លោក កាស្សេម សូឡៃមេនី (Qasem Soleimani) នៅប្រទេសអ៉ីរ៉ាក់៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម