COVID-19: អូស្រ្តាលី នឹងជម្លៀសពលរដ្ឋរបស់ខ្លួនច្រើនជាង២០០នាក់ ចេញពីកប៉ាល់ Diamond Princess

(ស៊ីដនី)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា អូស្ត្រាលីនឹងបញ្ជូនយន្ដហោះឱ្យទៅជម្លៀសពលរដ្ឋរបស់ខ្លួនច្រើនជាង ២០០នាក់ កំពុងស្ថិតនៅលើកប៉ាល់ដឹកអ្នកដំណើរខ្នាតយក្ស Diamond Princess ដែលត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេឯង នៅឯកំពង់ផែ Yokohama ប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមលោក Scott Morrison ពលរដ្ឋអូស្ត្រាលីទំាងអស់ខាងលើ នឹងចាកចេញពីកប៉ាល់ Diamond Princess ហើយពួកគេនឹងត្រូវបញ្ជូនទៅកាន់តំបន់ ភាគខាងជើងប្រទេសអូស្ត្រាលី ជាទីដែលពួកគេត្រូវបានតម្រូវឱ្យស្ថិតនៅដាច់ឆ្ងាយពីគេឯងរយៈពេល១៤ថ្ងៃ បន្ថែមទៀត។ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី បានគូសបញ្ជាក់ដូច្នេះថា៖ «សម្រាប់ពលរដ្ឋអូស្ត្រាលីច្រើនជាង២០០នាក់ ដែលនឹងត្រូវត្រឡប់មកកាន់ប្រទេសអូស្ត្រាលីវិញ យើងនឹងតម្រូវឱ្យពួកគេនៅឆ្ងាយ ពីគេឯងរយៈពេល១៤ថ្ងៃសិន នៅក្នុងទីក្រុង Darwin»។

គួរបញ្ជាក់ថា រហូតមកដល់ឥឡូវនេះចំនួនករណីឆ្លងវីរុស COVID-19 សរុបនៅលើកប៉ាល់ទេសចរណ៍ Diamond Princess ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Carnival Corp មានចំនួន៣៥៥ករណី ហើយក្នុងនោះមានពលរដ្ឋអូស្ត្រាលី ២៤នាក់ នៅក្នុងចំណោមមនុស្សជិះនៅលើនោះទាំងអស់ ៣,៧០០នាក់។ កប៉ាល់នេះត្រូវបាន គេដាក់ឲ្យនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ នៅកំពង់ផែ Yokohama ចាប់តាំងពីថ្ងៃទី ០៣ ខែកុម្ភៈកន្លងទៅនេះ បន្ទាប់ពីត្រូវបានគេរកឃើញថា អ្នកដំណើរមកពី ហុងកុងម្នាក់ ដែលធ្លាប់មានវត្តមាននៅលើនាវានោះ បានឆ្លងវីរុស COVID-19៕




Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម