ខេត្ត៤នៅចិនបន្ថយកម្រិតប្រកាសអាសន្ន សម្រាប់ជំងឺ COVID-19 ក្រោយស្ថានភាពនៅតាមតំបន់ទាំងនោះហាក់ធូរស្រាលបន្តិច

(ប៉េកាំង)៖ ខេត្តចំនួន៤នៅក្នុងប្រទេសចិន រួមមានខេត្ត Yunnan, Guangdong, Shanxi និងខេត្ត Guizhou បានសម្រេចចិត្តទម្លាក់កម្រិត ប្រកាសអាសន្នរបស់ខ្លួន ក្នុងការឆ្លើយតបទៅនឹងជំងឺ COVID-19 ក្រោយពីមើលឃើញថា ស្ថានភាពហាក់មានភាពធូរស្រាលឡើងវិញ បន្តិច នៅក្នុងខេត្តទាំង៤នោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

នៅថ្ងៃចន្ទនេះ ខេត្ត Yunnan និងខេត្ត Guizhou បានទម្លាក់កម្រិតប្រកាសអាសន្នពីកម្រិតលេខ១ មកនៅត្រឹមកម្រិតលេខ៣វិញ ស្របពេល ខេត្ត Guangdong និងខេត្ត Shanxi ក៏បានទម្លាក់កម្រិតប្រកាសអាសន្នរបស់ពួកគេ មកត្រឹមកម្រិតលេខ២វិញផងដែរ។ ការប្រកាសអាសន្ន ផ្នែកសុខាភិបាលនៅក្នុងប្រទេសចិន មានបួនកម្រិត ហើយក្នុងនោះកម្រិតទី១ គឺធ្ងន់ធ្ងរជាងគេបំផុត។

គួរជម្រាបថា កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយថាការរីករាលដាលនៃវីរុសកូរ៉ូណាថ្មីបង្កជាជំងឺ COVID-19 គឺជាភាពអាសន្នសុខាភិបាលធំបំផុត ចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិន កាលពីឆ្នាំ១៩៤៩មក។ យោងតាមរបាយការណ៍នា ព្រឹកថ្ងៃចន្ទនេះ ចំនួនមនុស្សស្លាប់នៅតាមតំបន់-ខេត្តចំនួន៣១របស់ប្រទេសចិន (មិនរាប់ហុងកុង ម៉ាកាវ និងតៃវ៉ាន់) បានបន្តកើនឡើងដល់ ២,៥៩២នាក់ និងឆ្លង៧៧,១៥០នាក់ ខណៈករណីសឹងតែទាំងអស់គឺនៅខេត្ត Hubei ដែលជាចំណុចកណ្តាលនៃការផ្ទុះរីករាលដាលនូវជំងឺ COVID-19៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម