ជប៉ុននឹងហាមជនបរទេសដែលធ្លាប់ធ្វើដំណើរទៅតំបន់កំពុងផ្ទុះមេរោគឆ្លង COVID-19 នៅកូរ៉េខាងត្បូង មិនឲ្យចូលក្នុងប្រទេស

(តូក្យូ)៖ ក្រុមមន្ត្រីនៅក្នុងជួររដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ បានឱ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសជប៉ុនគ្រោងនឹងហាមឃាត់ជនបរទេស ធ្លាប់ធ្វើដំណើរទៅកាន់តំបន់ដែលផ្ទុះជំងឺឆ្លង COVID-19 ខ្លាំងក្លានៅក្នុងប្រទេសកូរ៉េខាងត្បូង ចូលមកក្នុងប្រទេសរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ខណៈជប៉ុនក៏កំពុងរងគ្រោះ ដោយសារមេរោគនេះស្រាប់ទៅហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមប្រភពពីក្រុមមន្ត្រីជប៉ុនបានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ជនបរទេសទាំងឡាយណាដែលធ្លាប់ធ្វើទៅកាន់ទីក្រុង ដេគូ (Daegu) និងតំបន់ក្បែរខាង ឆុងទូ (Cheongdo) នៃខេត្តគ្យុងសាងភាគខាងជើង (Gyeongsang) ជាទីដែលមេរោគ COVID-19 កំពុងរីករាលដាលយ៉ាងគំហុកនោះ នឹងត្រូវហាមមិនឲ្យចូលមកក្នុងប្រទេសជប៉ុនឡើយ។

ព័ត៌មានពីបំរាមខាងលើ កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រសួងការបរទេសជប៉ុន បានប្រកាសអំពីវិធានការបង្កើនការប្រុងប្រយ័ត្ន ដោយផ្ដល់យោបល់ឱ្យប្រជាជនរបស់ខ្លួនទាំងអស់ ជៀសវាងការធ្វើដំណើរទៅកាន់តំបន់ COVID-19 កំពុងផ្ទុះឡើងខ្លាំង បើមិនមានភាពចាំបាច់បំផុតទេនោះ៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម