ឯកអគ្គរដ្ឋទូត និងតំណាងទូតជាច្រើនប្រទេស បានចុះទៅត្រួតពិនិត្យផ្ទាល់ជនជាតិរបស់ខ្លួន នៅទីតាំងដែលនាវា Westerdam ចតនៅកំពង់ផែក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ ក្រោយពីនាវា Westerdam បានចតនៅកំពង់ផែខេត្តព្រះសីហនុ ក្រោយមានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា និងព្រមទាំងតំណាងស្ថានទូត សហរដ្ឋអាមេរិក, កាណាដា, ហូឡង់ និងអូស្ត្រាលីជាដើម បានចុះទៅត្រួតពិនិត្យដោយផ្ទាល់នៅខេត្តព្រះសីហនុ ដែលមានជនជាតិរបស់ខ្លួន ស្ថិតនៅលើកប៉ាល់យក្ស ទេសចរណ៍មួយនេះ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា អាជ្ញាធរ និងក្រសួងសុខាភិបាល បានរៀបចំដាក់វិធានការការពារច្បាស់ណាស់ដោយ មិនឱ្យមានមនុស្សចូលទៅជិត ឬអ្នកដំណើរក្នុងនាវាទេសចរណ៍ Westerdam ចេញចូលដោយសេរីនោះទេ លុះត្រាណាតែមានការពិនិត្យពីក្រុមគ្រូពេទ្យត្រឹមត្រូវ។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យនាវាទេសចរណ៍ខ្នាតយក្សដែលមានម្ចាស់ជាជនជាតិហូឡង់កាត់អាមេរិក និងមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ចូលសំចតនៅ កំពង់ផែខេត្តព្រះសីហនុរបស់កម្ពុជា ក្រោយពីប្រទេស និងកោះសរុបចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយនេះចូលចត ដោយសារភ័យខ្លាចអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណាថ្មី។

ការអនុញ្ញាតឲ្យចូលចតនេះធ្វើឡើង បន្ទាប់ពីមានការធានាច្បាស់លាស់ពីអ្នកគ្រប់គ្រងនាវាទេសចរណ៍ Westerdam ថាមនុស្សទាំងអស់លើកប៉ាល់ មិនមានអ្នកណាម្នាក់ ផ្ទុកវីរុសកូរ៉ូណាថ្មី ឬ Covid-19 នោះទេ។

សម្រាប់ស្ថានទូតអាមេរិក បានក៏បានប្រកាសអំពីលេខទូរស័ព្ទ សម្រាប់ពលរដ្ឋអាមេរិក ដែលត្រូវការជំនួយបន្ទាន់ ដែលអាចទាក់ទងទៅកាន់លេខ៖ +855 23 728 402 សម្រាប់ម៉ោងធ្វើការ និងលេខ +855 23-728 000 បន្ទាប់ពីម៉ោងធ្វើការផងដែរ៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម