WHO អំពាវនាវឲ្យប្រទេសមួយចំនួន «កុំរឹតត្បិតជ្រុលហួសហេតុពេក» ដែលបង្កការភ័យខ្លាច និងរើសអើង ខណៈពិភពលោកកំពុងប្រយុទ្ធនឹងកូរ៉ូណា

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវជាថ្មីឱ្យបណ្ដាប្រទេសមួយចំនួន កុំចាត់វិធានការរឹតត្បិតជ្រុលហួសហេតុពេក ដែលនាំឱ្យមានការភ័យខ្លាច និងការរើសអើង ជាមួយការជំរុញឱ្យបណ្ដាប្រទេសមានប្រាក់ចំណូលខ្ពស់ទាំងអស់ ចូលរួមចំណែកចែករំលែកព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។

ថ្លែងនៅក្នុងសម័យប្រជុំលើកទី ១៤៦ នៃក្រុមប្រឹក្សានាយកអង្គការ WHO នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) បានលើកឡើងយ៉ាងដូច្នេះថា «វាគឺជាភាពអាសន្នសម្រាប់ចិន... ដូច្នេះសូមប្រទេសមួយចំនួន កុំចាត់វិធានការរឹតត្បិតជ្រុលហួសហេតុពេក ដែលនាំឱ្យមានការភ័យខ្លាច និងការរើសអើង ពីព្រោះ ៩៩នៃករណីឆ្លងវីរុសកូរ៉ូណា កើតឡើងនៅក្នុងប្រទេសចិន ហើយមានតែមួយភាគរយប៉ុណ្ណោះ ផ្ទុះឡើងនៅទូទាំងសកលលោកមកទល់នឹងបច្ចុប្បន្ន ខណៈ៩៧ភាគរយនៃអ្នកស្លាប់ គឺនៅខេត្តហ៊ូប៉ី (Hubei)។ លោក Tedros បន្ថែមទៀតថា «ជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា បណ្ដាប្រទេសមានប្រាក់ចំណូលខ្ពស់ទាំងអស់ គួរតែចូលរួមចំណែកចែករំលែកព័ត៌មាន»។

គួរបញ្ជាក់ថា បើតាមលោក Tedros អ្នកជំនាញអន្តរជាតិមួយក្រុម កំពុងធ្វើដំណើរទៅកាន់ប្រទេសចិនហើយ ដើម្បីស្វែងយល់ និងផ្ដល់យោបល់ជាសកលក្នុងការ ប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា រីឯកិច្ចប្រជុំស្រាវជ្រាវជាសកលមួយ នឹងត្រូវធ្វើឡើងនៅសប្ដាហ៍ក្រោយ សំដៅកំណត់ការស្រាវជ្រាវជាអាទិភាព នៅតាមតំបន់ដែលវីរុសដ៏សាហាវនេះផ្ទុះឡើង៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម