សហរដ្ឋអាមេរិកបង្កើនការផលិតម៉ាស និងឧបករណ៍វេជ្ជសាស្ត្រ ខណៈអ្នកឆ្លង COVID-19 កើនដល់១៨,៥៦៣ករណី ក្នុងនោះ២២៧នាក់ស្លាប់!

(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ភែន (Mike Pence) បាននិយាយកាលពីថ្ងៃសុក្រម្សិលមិញនេះ (ម៉ោងនៅវ៉ាស៊ីនតោន) ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក គឺកំពុងតែប្រឹងប្រែងបន្ថែមដើម្បីធានាថា ការផ្គត់ផ្គង់ម៉ាសជូនបុគ្គលិកសុខាភិបាលពិតជាបានគ្រប់គ្រាន់ ក៏ដូចជាបំពង់ខ្យល់អុកស៊ីសែន សម្រាប់អ្នកជំងឺជាជនជាតិអាមេរិក ដែលកំពុងទទួលការព្យាបាលផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី ២១ ខែមីនា ឆ្នាំ២០២០។

ចំពោះមុខក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន លោក Pence បានលើកឡើងយ៉ាងដូច្នេះថា «យើងបន្តធ្វើតាមការណែនាំរបស់ប្រធានាធិបតី ដែលបានប្រាប់ឲ្យពួកយើងស្វះស្វែងរក ដោយប្រើគ្រប់មធ្យោបាយទាំងអស់ ដើម្បីពង្រីកបន្ថែមចំពោះការផ្គត់ផ្គង់បរិក្ខាពេទ្យ ដែលចាំបាច់សម្រាប់ការពារខ្លួនជូនដល់មន្ទីរពេទ្យនានា»។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានមានប្រសាសន៍ថា រដ្ឋាភិបាលសហព័ន្ធនឹងបញ្ជូន «ម៉ាស» រាប់លានទៅកាន់រដ្ឋនានា។ ជាមួយគ្នានេះ លោកក៏បានបន្ថែមទៀតថា «យើងមានម៉ាស់រាប់លាន ដែលនឹងមកដល់នាពេលឆាប់ៗនេះ ដើម្បីចែកជូនទៅរដ្ឋនានា។ រដ្ឋនានាគឺពិតលំបាកណាស់ ក្នុងការទទួលបានម៉ាសទាំងនេះ»។

កាលពីថ្ងៃសុក្រម្សិលមិញក្រុមហ៊ុនផលិតម៉ាស់ 3M បានឲ្យដឹងថា ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺ COVID-19 ផលិតកម្មផលិតម៉ាសរបស់ខ្លួនបានកើនឡើងទ្វេដង ពោលគឺក្នុងមួយខែក្រុមហ៊ុននេះបានផលិតម៉ាស់ជាង ១០០លានម៉ាស។ ទោះជាយ៉ាងណា ក្រុមហ៊ុននេះគ្រោងនឹងបង្កើនការវិនិយោគរបស់ខ្លួន នៅសហរដ្ឋអាមេរិក ដើម្បីពង្រីកសមត្ថភាពផលិត ៣០% បន្ថែមទៀតក្នុងរយៈពេល ១២ខែបន្ទាប់។

គួរជម្រាបថា រហូតមកដល់នេះសហរដ្ឋអាមេរិកបានរាយការណ៍ពីករណីឆ្លង COVID-19 ចំនួន ១៨,៥៦៣ករណី ក្នុងនោះអ្នកជំងឺ ២២៧នាក់ស្លាប់ និងស្ថិតក្នុងចំណោមប្រទេសដែលកំពុងរងគ្រោះធ្ងន់ធ្ងរបំផុត ដោយសារតែជំងឺឆ្លងសកល COVID-19៕




Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម