សហភាពអឺរ៉ុបនឹងត្រូវបិទទ្វារ៣០ថ្ងៃ, WHO អំពាវនាវឲ្យធ្វើតេស្តរក COVID-19 កាន់តែខ្លាំងក្លា

(ហ្សឺណែវ)៖ ប្រមុខដឹកនាំនៃអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) បានប្រាប់ឲ្យគ្រប់ប្រទេស បង្កើនការធ្វើតេស្តលើអ្នកដែលសង្ស័យឆ្លងវីរុសកូរ៉ូណាថ្មី (COVID-19) ឲ្យបានកាន់តែខ្លាំងក្លាជាងមុន ខណៈបណ្តាប្រទេសទាំងអស់នៅទ្វីបអឺរ៉ុប កំពុងតែបង្កើនការបិទទ្វាររបស់ពួកគេ ហើយទ្វារនៃសហភាពអឺរ៉ុបទាំងមូលតែម្តង អាចនឹងត្រូវបិទតែម្តងនៅក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០។

លោក Tedros Adhanom Ghebreyesus បានលើកឡើង ដោយសង្កត់ធ្ងន់យ៉ាងដូច្នេះថា «អ្នកមិនអាចពន្លត់ភ្លើង ដោយការបិទភ្នែកនោះឡើយ។ អ្នកត្រូវធ្វើតេស្ត ធ្វើតេស្ត និងធ្វើតេស្ត លើករណីសង្ស័យទាំងអស់។ នេះហើយគឺជាវិបត្តិសុខាភិបាលសកល សម្រាប់សម័យការរបស់យើង។ វិបត្តិមួយនេះ វាហាក់ដូចកំពុងព្យាយាមស្វែងរក មនុស្សជាតិដែលល្អបំផុត និងអាក្រក់បំផុត»។

គួរបញ្ជាក់ថា នៅពេលនេះចំនួនអ្នកឆ្លង COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ជាង១៦៨,០០០នាក់ហើយ នៅក្នុងប្រទេសចំនួនជិត១៦០ ខណៈមនុស្សស្លាប់ដោយសារជំងឺរាតត្បាតសកលនេះវិញ បានកើនដល់ ៦,៥០០នាក់។ សម្រាប់សហភាពអឺរ៉ុបដែលមានសមាជិក ២៧ប្រទេស កំពុងតែពិភាក្សាអំពីការបិទទ្វារទាំងអស់តែម្តង សម្រាប់រយៈ ៣០ថ្ងៃមិនឲ្យជនបរទេសចូល ដោយសារតែតំបន់នេះត្រូវបានចាត់ទុកថា ជាចំណុចស្នូលថ្មីនៃការរីករាលដាល COVID-19 ទៅកាន់ពិភពលោក ក្រោយប្រទេសចិនបានធូរស្រាល៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម