UN ថ្កោលទោសយ៉ាងខ្លាំងលើការវាយប្រហារ មន្ទីរពេទ្យផ្ទុកអ្នកជំងឺ COVID-19 ក្នុងប្រទេសលីប៊ី!

(ទ្រីប៉ូលី)៖ មន្រ្តីអង្គការសហប្រជាជាតិ (UN) ម្នាក់បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារនាពេលថ្មីៗនេះ លើមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺ COVID-19 នៅក្នុងទីក្រុងទ្រីប៉ូលី ប្រទេសលីប៊ី ដោយចាត់ទុកថា វាជាទង្វើរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ លោក យ៉ាខួប អ៊ែល ហ៊ីលឡូ (Yacoub El Hillo) ដែលជាអ្នកសម្របសម្រួលកិច្ចការប្រជាជន និងមនុស្សធម៌ប្រចាំប្រទេសលីប៊ី នៃអង្គការសហប្រជាជាតិបានលើកឡើងដូច្នេះថា «ខ្ញុំពិតជារន្ធត់ក្រៃលែង នៅពេលទទួលបានព័ត៌មានថា មន្ទីរពេទ្យអាល់ខាដ្រាទ្រីប៉ូលី (Tripoli's Al Khadra General Hospital) រងការវាយប្រហារ ដោយបណ្ដាលឱ្យបុគ្គលិកសុខាភិបាលម្នាក់រងរបួស និងបំផ្លាញអគារមន្ទីរពេទ្យជាច្រើន។ អង្គការសហប្រជាជាតិ និងសហគមន៍ អន្តរជាតិ បានអំពាវនាវឱ្យបញ្ឈប់សកម្មភាពអរិភាព ប៉ុន្តែការអំពាវនាវនេះតែងតែទទួលបានមកវិញនូវ ប្រយុទ្ធដាក់គ្នាកាន់ខ្លាំងឡើង ដែលនេះគឺជាទង្វើមិនអាចទទួលយកបាន នៅពេលដែលបុគ្គលិកសុខាភិបាល កំពុងប្រយុទ្ធជាមួយ COVID-19»។

កាលពីខែមីនាកន្លងទៅ ហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យចំនួន ២៧ ក្នុងនោះរួមមានទាំងមន្ទីរពេទ្យ Tripoli's Al Khadra General Hospital សម្រាប់អ្នកជំងឺ COVID-19 រងការបំផ្លិចបំផ្លាញដោយសារការវាយប្រយុទ្ធគ្នា រវាងកងកម្លាំងរដ្ឋាភិបាលទីក្រុងទ្រីប៉ូលី (គាំទ្រដោយ UN) និងរដ្ឋាភិបាលលីប៊ីភាគខាងកើត។ បើតាមគេហទំព័រ worldometers បច្ចុប្បន្នលីប៊ីមានអ្នកឆ្លង COVID-19 សរុប ១៩ករណី ក្នុងនោះស្លាប់ម្នាក់ និងជាសះស្បើយម្នាក់៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម