ប្រទេសចិនជំទាស់យ៉ាងដាច់ខាត ទៅនឹងការគាំទ្ររបស់សហរដ្ឋអាមេរិក ឲ្យកោះតៃវ៉ាន់ចូលរួមក្នុងអង្គការសហប្រជាជាតិ

(យូអិន)៖ ទីក្រុងប៉េកាំងបានលើកឡើងថា សហរដ្ឋអាមេរិកបានលូកលាន់ផ្តេសផ្តាស ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន តាមរយៈការថ្លែងគាំទ្រដោយបើកចំហ ឲ្យកោះតៃវ៉ាន់ចូលរួមក្នុងអង្គការសហប្រជាជាតិ (UN) ដោយទង្វើបែបនេះប្រទេសចិនជំទាស់ដាច់ខាត។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២០។

អ្នកនាំពាក្យបេសកកម្មការទូតរបស់ចិនប្រចាំនៅ UN បាននិយាយដូច្នេះថា «ក្នុងសារបង្ហោះលើបណ្តាញសង្គម Twitter កាលពីថ្ងៃទី០១ ខែឧសភា ឆ្នា២០២០ បេសកកម្មការទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅ UN បានសម្តែងការគាំទ្រយ៉ាងបើកចំហឲ្យតៃវ៉ាន់ចូលរួមក្នុង UN ដែលទង្វើនេះការជាការបំពានយ៉ាងធ្ងន់ធ្ងរលើ សេចក្តីសម្រេចលេខ ២៧៥៨ របស់មហាសន្និបាតនៃអង្គការសហប្រជាជាតិ (UNGA), សេចក្តីថ្លែងការណ៍រួមទាំង ៣ រវាងចិន និងសហរដ្ឋអាមេរិក និងអធិបតេយ្យភាព ក៏ដូចជាបូរណភាពទឹកដីរបស់ប្រទេសចិន»។

អ្នកនាំពាក្យខាងលើបានបន្តថា «ចិនជំទាស់ដាច់ខាតចំពោះទង្វើបែបនេះ និងទទូចឲ្យសហរដ្ឋអាមេរិក គោរពតាមគោលនយោបាយចិនតែមួយ, គោរពចំពោះសេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំងពីរ, ចំពោះសេចក្តីសម្រេចរបស់ UNGA ហើយបញ្ឈប់ជាបន្ទាន់នូវការកាន់ជើងកោះតៃវ៉ាន់»។

ជាចុងក្រោយអ្នកនាំពាក្យចិនដដែលបានបញ្ជាក់ថា នៅលើពិភពលោកនេះ ចិនគឺមានតែមួយប៉ុណ្ណោះ ហើយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឲ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ ឬបំបែកចេញពីប្រទេសចិនបានឡើយ៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម