កាសែតអង់គ្លេស៖ «លោក ដូណាល់ ត្រាំ ចង់ឲ្យលោក អូបាម៉ា និងលោក បៃដិន រងការចោទប្រកាន់ និងជាប់ពន្ធនាគារ»

(វ៉ាស៊ីនតោន)៖ ថ្មីៗនេះគេសង្កេតឃើញថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញចេតនាចង់មានការស៊ើបអង្កេត និងចាប់អតីតមេដឹកនាំនៃរដ្ឋបាលចាស់ដាក់ពន្ធនាគារ នោះគឺលោក បារ៉ាក់ អូបាម៉ា និងលោក ចូ បៃដិន។ ប្រការនេះបាននិងកំពុងបង្ក​ឲ្យមានការងឿងឆ្ងល់ថា ហេតុអ្វីបានជាលោក ត្រាំ ធ្វើបែបនេះ? តើតាមពិតលោក ត្រាំ ខ្លួនឯងកំពុងតែភ័យខ្លាចត្រូវគេចាប់ដាក់ពន្ធនាគារ ក្រោយពេលចាញ់ឆ្នោតមែន ឬទេ?

កាលពីដើមសប្តាហ៍នេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាមេរិក លោក វីលៀម បា (William Barr) បានច្រានចោលទាំងស្រុងនូវលទ្ធភាពដែលថា នឹងមានការស៊ើបអង្កេតលើលោក អូបាម៉ា ឬមួយក៏លោក បៃដិន ព្រោះថាអ្នកទាំងពីរមិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ។ ហេតុផលមួយ ដែលលោក ត្រាំ បានព្យាយាមចង់ឲ្យមានការស៊ើបអង្កេតលើលោក អូបាម៉ា និងលោក បៃដិន គឺទំនងជាដោយសារលោក ត្រាំ កំពុងភ័យព្រួយថា ខ្លួនលោកផ្ទាល់ទៅវិញទេប្រហែលជានឹងត្រូវជាប់ពន្ធនាគារ នៅពេលអស់អំណាច ជាពិសេសបន្ទាប់ពីមានការលើកឡើង​នូវរឿងរ៉ាវរសើបមួយចំនួនដោយលោក ចូ បៃដិន កាលពីសប្តាហ៍កន្លងទៅ។

កាលពីសប្តាហ៍មុននេះ អតីតអនុប្រធានាធិបតីអាមេរិក លោក បៃដិន ដែលបច្ចុប្បន្នជាបេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យអាមេរិក បានប្រកាសថា នៅពេលធ្វើជាប្រធានាធិបតី​លោកនឹងមិនប្រើប្រាស់អំណាចប្រតិបត្តិ​ដើម្បីលើកលែងទោសឲ្យលោក ដូណាល់ ត្រាំ ជាដាច់ខាត ប្រសិនបើលោក ត្រាំ បានប្រព្រឹត្តល្មើសណាមួយ។

គួរជម្រាបថា ប្រសិនបើលោក ដូណាល់ ត្រាំ ចាញ់ការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០២០ លោកអាចប្រឈមនឹងការចោទប្រកាន់ពីបទល្មើស ដូចជា ការបង្កភាពរាំងស្ទះដល់ប្រព័ន្ធយុត្តិធម៌ ពាក់ព័ន្ធនឹងដំណើការស៊ើបអង្កេតរឿងអាស្រូវពាក់ព័ន្ធប្រទេសរុស្ស៉ី, ការបង្ខាំងទុកជំនួយយោធាសម្រាប់អ៊ុយក្រែន ដើម្បីដាក់សម្ពាធឲ្យមានការស៊ើបអង្កេត​លើគូប្រជែងនយោបាយរបស់ខ្លួន, និងការទទួលថវិកាបរិច្ចាគពីបរទេសកាលពីកំឡុង យុទ្ធនាការបោះឆ្នោតឆ្នាំ២០១៦ ជាដើម បើទោះបីជាលោកបានរួចខ្លួនពីករណីទាំងអស់នេះរួចទៅហើយ អំឡុងពេលនៅកាន់អំណាច​ជាប្រធានាធិបតីក៏ដោយ៕

ប្រភព៖ អត្ថបទបញ្ចេញមតិរបស់កាសែតអង់គ្លេស The Guardian (ដកស្រង់ថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០)



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម