ក្រសួងសុខាភិបាល៖ ជនបរទេសដែលចូលកម្ពុជា តម្រូវឲ្យមានលិខិតបញ្ជាក់សុខភាពថា គ្មានកូវីដ-១៩ និងការធានារ៉ាប់រងសុខភាពទឹកប្រាក់៥ម៉ឺនដុល្លារ

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំរបស់គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល បានសម្រេចឲ្យជនបរទេសទាំងអស់ ដែលចង់ចូលប្រទេសកម្ពុជា តម្រូវឲ្យមានវិញ្ញាបនបត្រសុខភាពបញ្ជាក់ពីភាពគ្មានវីរុសកូវីដ-១៩ ចំនួន៧២ម៉ោងមុនថ្ងៃចេញដំណើរ និងធានារ៉ាប់រងសុខភាព ក្នុងចំនួនទឹកប្រាក់៥ម៉ឺនដុល្លារ។

នេះបើតាមរបាយការណ៍ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩  នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមវត្ដមាន លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។

របាយការណ៍របស់ក្រសួងសុខាភិបាលបានបញ្ជាក់យ៉ាងដូច្នេះថា អង្គប្រជុំបានឯកភាពគ្នា ធ្វើការរឹតបន្ដឹងការត្រួតពិនិត្យសុខភាព នៅតាមច្រកចេញចូលអន្តរជាតិ ដោយរៀនសូត្រ ពីបទពិសោធន៍ ការងារចាត់ចែង គ្រប់គ្រងអ្នកដំណើរ និងដាក់ចេញនូវ ដំណោះស្រាយលើបញ្ហាមួយចំនួន ដូចជា៖

* ការរកទីកន្លែងសម្រាប់ដាក់ធ្វើចត្តាឡីស័ក 
* ការបង់ថ្លៃស្នាក់នៅ និងចំណីអាហារដោយសាម៉ីអ្នកដំណើរ 
* ក្នុងអំឡុងពេលស្នាក់នៅធ្វើចត្តាឡីស័ក តម្រូវការឲ្យមានវិញ្ញាបនបត្រសុខភាព បញ្ជាក់ពីភាពគ្មានវីរុសកូវីដ-១៩ ចំនួន៧២ម៉ោង មុនថ្ងៃចេញដំណើរ និងការធានារ៉ាប់រងសុខភាព ក្នុងចំនួនទឹកប្រាក់៥ម៉ឺនដុល្លារ (សម្រាប់ជនបរទេស) ជាដើម។

ជាមួយគ្នានេះ អង្គប្រជុំក៏បានចែករំលែកបទពិសោធធ៍ការងារ ត្រួតពិនិត្យសុខភាព ដែលបានអនុវត្តន៍ក្នុងអំឡុងពេលមួយ សប្តាហ៍កន្លងមកនេះ ក្នុងការស្វែងរក ភាពអាចមានវីរុសកូវីដ-១៩ លើអ្នកដំណើរតាមជើងយន្តហោះមកកាន់កម្ពុជា ដោយអ្នកដំណើរទាំងអស់ (ទាំងខ្មែរ និងជនបរទេស) តម្រូវឲ្យអនុវត្តន៍តាមវិធានការ ត្រួតពិនិត្យសុខភាព និងវិធានការចត្ដាឡីស៍កចំនួន១៤ថ្ងៃផងដែរ។

គូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បានសម្រេចចេញដំណោះស្រាយថ្មីមួយទៀត ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ នៅក្រៅប្រទេស ដែលកំពុងធ្វើដំណើរ ឬមានបំណងធ្វើដំណើរមកប្រទេសកម្ពុជាវិញ មិនតម្រូវឲ្យមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថា គ្មានជំងឺឆ្លងកូវីដ-១៩ទេ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា វិធានការនេះ នឹងជួយសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេស ឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារ នៅក្នុងប្រទេសខ្លួនវិញ។

តែយ៉ាងណាក៏ដោយ សម្តេចនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា ប៉ុន្តែពេលវិលត្រឡប់មកដល់ប្រទេសវិញ គឺតម្រូវឲ្យចូលពិនិត្យសុខភាព និងពិនិត្យសំណាក ហើយដាក់ឲ្យស្នាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃ រង់ចាំលទ្ធផលសំណាកថា តើមានរោគឆ្លងឬអត់ រោគឆ្លង ទើបអនុញ្ញាតឲ្យទៅលំនៅដ្ឋានវិញ។

សូមបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះកម្ពុជា មានអ្នកការឆ្លងជំងឺកូវីដ១៩ សរុប១២៤ករណី ដោយក្នុងនោះមានអ្នកជំងឺ១២២នាក់បានជាសះស្បើយ និង ២នាក់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕




Comments

Popular posts from this blog

កម្ពុជាសិក្សាផែនការ B ដើម្បីពង្រឹងលក្ខណៈបច្ចេកទេសកីឡាករ-កីឡាការិនីត្រៀមស៊ីហ្គេម