ស្ថានីយ៍ផលិតអគ្គិសនី២កន្លែងទៀត គ្រោងនឹងសាងសង់នៅខេត្តពោធិ៍សាត់ មានអានុភាពសរុប១៤០មេហ្គាវ៉ាត់

(ភ្នំពេញ)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ស្ថានីយ៍ផលិតអគ្គិសនី ចំនួន២កន្លែងទៀត គ្រោងនឹងសាងសង់នៅខេត្តពោធិ៍សាត់ ដែលមានថាមពលអគ្គិសនីសរុប ១៤០មេហ្គាវ៉ាត់ ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋប្រើប្រាស់។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ម៉ៅ ធនិន បានបញ្ជាក់ថា គម្រោងទាំងពីរនេះ គឺមួយជាវារីអគ្គិសនី ដែលលគ្រោងសាងសង់នៅស្ទឹងពោធិ៍សាត់ ហើយមួយទៀត កន្លែងផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ នៅស្រុកក្រគរ។

លោក ម៉ៅ ធនិន បានថ្លែងយ៉ាងដូច្នេះថា «នៅពេលបច្ចុប្បន្ននេះ នឹងមានគម្រោងស្ថាបនាទៀតដែលពាក់ព័ន្ធជាមួយវារីអគ្គិសនីស្ទឹងពោធិ៍សាត់មួយ ដែលមានអានុភាព៨០មេហ្គាវ៉ាត់ និងកន្លែងផលិតអគ្គិសនីដោយប្រើពន្លឺព្រះអាទិត្យ ក្នុងស្រុកក្រគរ ៦០មេហ្គាវ៉ាត់ផងដែរ ហើយយើងកំពុងតែសិក្សា និងរៀបចំទៅលើការងារនេះ»។

អភិបាលខេត្តរូបនេះ បានគូសបញ្ជាក់ថា អ្វីដែលបានប្រើប្រាស់រួចកន្លងមកនេះ គឺនៅវារីអគ្គិសនីអាតៃ ស្ថិតក្នុងឃុំអូរសោម ដែលមានអានុភាព១២០មេហ្គាវ៉ាត់។ ដោយឡែក សម្រាប់ថវិកាដែលត្រូវចំណាយលើការងារកន្លែងផលិតអគ្គិសនីទាំងពីរនេះ លោកមិនទាន់អាចបញ្ជាក់ឲ្យដឹងបាននៅឡើយទេ ពោលនេះជាការសម្រេច និងគិតរបស់ប្រមុខនៃរាជរដ្ឋាភិបាល ជាមួយក្រសួងជំនាញ។

លោក ម៉ៅ ធនិន បានអះអាងថា ការស្ថាបនាបន្ថែមនូវកន្លែងផលិតថាមពលអគ្គិសនីនេះ មិនមែនសម្រាប់ប្រើប្រាស់តែនៅក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់នោះទេ ពោលប្រាកដជាអាចចែកចាយ និងប្រើប្រាស់នៅទូទាំងប្រទេសតែម្ដង។

គួរជម្រាបថា កាលពីឆ្នាំ២០១៩កន្លងទៅ រាជរដ្ឋាភិបាលសម្រេចឲ្យមានការសាងសង់ កន្លែងផលិតថាមពលអគ្គិសនីថ្មី រួមមាន ទី១៖ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងទី២៖ ស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ផលិតថាមពលបាន ៦០មេហ្គាវ៉ាត់៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម