កូរ៉េខាងជើងបំផ្ទុះអាគារការិយាល័យ ទំនាក់ទំនងរវាងកូរ៉េទាំងពីរចោល ចំពោះមុខស្ថានការណ៍កាន់តែក្តៅ!

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើងត្រូវបានគេរាយការណ៍ថា បានបំផ្ទុះអគារការិយាល័យ ដែលជាកន្លែងមន្ត្រីកូរ៉េខាងជើង និងកូរ៉េខាងត្បូង តែងជួបពិភាក្សាគ្នា និងធ្វើទំនាក់ទំនងគ្នាកន្លងទៅនេះចោលតែម្តង ដើម្បីជាសញ្ញាបង្ហាញថា ខ្លួនមិនពេញចិត្តកាន់តែខ្លាំងចំពោះកូរ៉េខាងត្បូង បន្ថែមពីលើការគំរាមប្រើយោធាដោះស្រាយបញ្ហា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន New York Times នារសៀលថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០។

ព័ត៌មានខាងលើនេះត្រូវបានចេញផ្សាយ ក្រោយពីកងកម្លាំងការពារព្រំដែនកូរ៉េខាងត្បូង បានលឺសំឡេងផ្ទុះដ៏កក្រើកមួយ ហើយក៏បានឃើញផ្សែងហុយចេញពីតំបន់កែសុង (Kaesong) ជាទីក្រុងដែលអគារខាងលើនេះតាំងនៅ។ ក្រោយមកទៀតទើបក្រសួងបង្រួបបង្រួមជាតិ នៃប្រទេសកូរ៉េខាងត្បូងបានប្រកាសឲ្យដឹងថា កូរ៉េខាងជើងបានបំផ្ទុះអគារ កញ្ចក់កម្ពស់ ៤ជាន់ ដែលធ្លាប់ត្រូវបានប្រើប្រាស់ជាកន្លែងបើកកិច្ចប្រជុំ និងធ្វើទំនាក់ទំនងជាប្រចាំរវាងមន្ត្រីកូរ៉េទាំងពីរនោះ ចោលបាត់ទៅហើយ។

គួរបញ្ជាក់ថា នារយៈពេលបីថ្ងៃមុននេះ ប្អូនស្រីលោក គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូចុង បានព្រមានប្រើប្រាស់យោធា ដើម្បីឆ្លើយតបទៅនឹងការបណ្តែតបណ្តោយរបស់កូរ៉េខាងត្បូង ឲ្យជនជាតិកូរ៉េខាងជើងដែលកំពុងរស់នៅនិរទេសក្នុងទឹកដីកូរ៉េខាងត្បូង ធ្វើសកម្មភាពបង្ហោះខិត្តប័ណ្ណ ប្រឆាំងទីក្រុងព្យុងយ៉ាងនៅតាមព្រំដែន បើទោះបីជាលោក មូន ចេអ៉ីន ធ្លាប់បានសន្យាថា នឹងដោះស្រាយបញ្ហានេះក៏ដោយ។ ក្រោយមកទៀតនៅព្រឹកថ្ងៃអង្គារនេះ កូរ៉េខាងជើង ក៏បានប្រកាសពីការត្រៀមយោធារួចជាស្រេច ដើម្បីចេញសកម្មភាពភ្លាមៗផងដែរ។

ការិយាល័យទំនាក់ទំនង រវាងប្រទេសកូរ៉េទាំងពីរខាងលើនេះ ត្រូវបានបើកដំណើរការកាលពីឆ្នាំ២០១៨ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងពេញម៉ោងដំបូង និងដោយផ្ទាល់រវាងប្រទេសទាំងពីរ។ វាត្រូវបានបើកដំណើរការ នៅពេលដែលលោក គីម ជុងអ៊ុន និងលោក មូន ចេអ៉ីន បានរៀបចំកិច្ចប្រជុំប្រកបដោយសុទិដ្ឋិនិយម ដើម្បីពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលអាចទៅរួចកាន់តែទូលំទូលាយនាកាលណោះ៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម