បទវិភាគអន្តរជាតិ៖ ជម្លោះអាមេរិក និងចិន មានគ្រោះថ្នាក់ជាងសង្រ្គាម​ត្រជាក់​សូវៀត-អាមេរិក ទៅទៀត?

(វ៉ាស៊ីនតោន)៖ ខណៈការបោះឆ្នោតប្រធានាធិ បតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២០ កាន់តែខិតជិតចូលមកដល់ លោក ដូណាល់ ត្រាំ ត្រូវបានក្រុមអ្នកជំនាញខ្លះមើលឃើញថា ទំនងជាអាចនឹងប្រើប្រាស់យុទ្ធសាស្ត្របង្ករឿងជាមួយកូរ៉េខាងជើង ជាពិសេសជាមួយចិនតែម្ដង ដើម្បីកេងចំណេញនយោបាយនៅក្នុងស្រុក។ នៅក្នុងន័យនេះ លោក ត្រាំ អាចនឹងបង្កឱ្យមានភាពតានតឹងយោធាដ៏គ្រោះថ្នាក់ជាមួយចិន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីបានលេសនេះប្រាប់ប្រជាជនអាមេរិកថា ការជាប់ឆ្នោតជាថ្មីម្ដងទៀតរបស់ លោកគឺពិតជាមានសារៈសំខាន់បំផុត ព្រោះវាជាឱកាសតែមួយគត់ដែលអាចបញ្ជៀសសង្រ្គាមកុំឱ្យកើតឡើង។

នៅក្នុងឆ្នាំ២០២០នេះ មានសេណារីយ៉ូចំនួន៣ ត្រូវបានគេមើលឃើញថា ជាចំណុច ចាប់ផ្ដើមនៃសង្រ្គាមត្រជាក់ថ្មីមួយរវាងសហរដ្ឋអាមេរិក និងចិន ដែលអាចនឹងមានគ្រោះថ្នាក់ ជាងសង្រ្គាមត្រជាក់រវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត ទៅទៀត។ ទីមួយ នោះគឺការកើនឡើងយ៉ាងឆាប់ហ័សនៃសេដ្ឋកិច្ច, បច្ចេកវិទ្យា និងអំណាចយោធារបស់ ចិន។ ទីពីរ គឺCOVID-19 ដែលកំពុងធ្វើឱ្យទំនាក់ទំនងមិនល្អស្រាប់រវាងចិន និងអាមេរិក កាន់តែអាក្រក់ឡើង។ ទីបី គឺយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិកដែល កំពុងផ្ដោតសំខាន់លើឥទ្ធិពលចិននៅលើឆាកអ ន្តរជាតិ និងដែលអាចនឹងជំរុញឱ្យលោក ដូណាល់ ត្រាំ ចាត់វិធានការឆ្លើយតបប្រកបដោយហានិភ័យ នាំទៅរកភាពជាប់គាំង ផ្នែកយោធាដ៏មានគ្រោះថ្នាក់ជាមួយចិន នៅក្នុងតំបន់អាស៊ីប៉ាហ្វិក។

* ជម្លោះរវាងចិន និងអាមេរិក មានគ្រោះថ្នាក់ជាងសង្រ្គាមត្រជាក់សូវៀត-អាមេរិក?

បើតាមក្រុមអ្នកជំនាញមួយចំនួន ដូចជាលោក Wang Jisi ជាប្រធានវិទ្យាសា្ថនសិក្សាយុទ្ធសាស្រ្ត និងអន្តរជាតិ នៃសាកលវិទ្យាល័យទីក្រុងប៉េកាំង (Beijing University) ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន អាចនឹងមានសភាពអាក្រក់ និងគ្រោះថ្នាក់ជាងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត ទៅទៀត។ លោក Wang បន្ថែមថាទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន មានស្ថេរភាពនឹងគ្នាអស់រយៈពេលច្រើនជាង៤ទសវត្សរមកនេះ ហើយម្យ៉ាងវិញទៀត នៅកំឡុងសម័យសង្រ្គាម ត្រជាក់ សហភាពសូវៀត និងអាមេរិកត្រូវបានខណ្ឌចែកគ្នាទៅវិញទៅមក ទាំងនយោបាយ,សេដ្ឋកិច្ច និងសង្គម ដែលមិនអាចធ្វើឱ្យប៉ះពាល់ដល់កិច្ចការនៅក្នុងស្រុករបស់ពួកគេ ឡើយ។

ប៉ុន្តែ ផ្ទុយពីអាមេរិក និងសូវៀត ចិន និងអាមេរិកវិញ មិនមែនប្រកួតប្រជែងគ្នាត្រឹមតែមនោគមន៍វិជ្ជានោះទេ។ ពោលគឺ មហាអំណាចទាំង២ កំពុងប្រជែងគ្នាសឹងតែគ្រប់វិស័យ ក្នុងនោះរួមមានទាំង សេដ្ឋកិច្ច យោធា និងការដណ្ដើមឥទ្ធិពលនៅលើឆាកអន្តរជាតិ បូករួមទាំងភាពតានតឹងជាច្រើនដូចជា ហុងកុង, សមុទ្រចិនខាងត្បូង និងតៃវ៉ាន់ជាដើម
ដែលកំពុងជះឥទ្ធិពលដល់នយោបាយ និងកិច្ចការនៅក្នុងស្រុកនៃប្រទេសទាំង២។ បន្ថែមពីលើនេះ ភាពតានតឹងផ្នែកយោធារវាងអាមេរិក និងចិន នៅសមុទ្រចិនខាងត្បូង គឺជា ឧទាហរណ៍ស្រាប់បញ្ជាក់ថាទំនាក់ទំនងទ្វេភាគីរវាង ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន អាចនឹងកាន់តែអាក្រក់ឡើងគ្រប់ពេលវេលា ខណៈនាវាចម្បាំងអាមេរិក តែងតែបង្ហាញ ខ្លួនជារឿយៗនៅតំបន់ដែនទឹកដែលចិន អះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន។

លោក Wang Jisi បានសង្កត់ធ្ងន់ទៀតថា លោកពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងថាក្នុងរយៈពេល៤ខែទៅមុខ រហូតដល់ការបោះឆ្នោតប្រធានាធិបតី នៅខែវិច្ឆិកាខាងមុខនេះ រដ្ឋបាលលោក ដូណាល់ ត្រាំ អាចនឹងបង្កើតឧប្បដិហេតុនានាជាមួយចិន ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តទប់ស្កាត់ការកើនឡើងនូវការគំរាមកំហែង និងឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ ដែលនេះអាចនឹងបង្កទៅជាជម្លោះប្រដាប់អាវុធបង្ហូរឈាមជាយថាហេតុណាមួយជាមួយចិនក៏បាន។

គួរបញ្ជាក់ថា សម្រាប់លោក Wang Jisi នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកមកដល់ លោក ដូណាល់ ត្រាំ អាចនឹងបង្កភាពតានតឹងយោធាជាមួយកូរ៉េខាងជើង ជាពិសេស គឺជាមួយចិន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីបានលេសនេះប្រាប់ប្រជាជនអាមេរិកថា ការជាប់ឆ្នោតជាថ្មីម្ដងទៀតរបស់លោក គឺជាឱកាសតែមួយគត់ ដែលអាចបញ្ជៀស សង្រ្គាមត្រជាក់ថ្មីមួយ រួមទាំងសង្រ្គាមលោកលើកទី៣ កុំឱ្យកើតឡើង ហើយលោកគឺជាមនុស្សតែម្នាក់គត់ដែលអាចដោះស្រាយជាមួយចិន និងកូរ៉េខាងជើងបាន៕

ប្រភព៖ RT (ថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០)





Comments

Popular posts from this blog

កម្ពុជាសិក្សាផែនការ B ដើម្បីពង្រឹងលក្ខណៈបច្ចេកទេសកីឡាករ-កីឡាការិនីត្រៀមស៊ីហ្គេម