កាសែតអាមេរិក៖ «លោក ដូណាល់ ត្រាំ ត្រូវមន្ត្រីជម្លៀសខ្លួនចូលបន្ទប់ក្រោមដី ពេលក្រុមបាតុករទម្លាយរនាំងការពារសេតវិមាន»

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានគេជម្លៀសខ្លួន ទៅកាន់បន្ទប់ក្រោមដីនៃសេតវិមាន កាលពីល្ងាចថ្ងៃសុក្រសប្ដាហ៍មុន ខណៈក្រុមបាតុករបានប៉ះទង្គិចគ្នាដោយហិង្សា ជាមួយទីភ្នាក់សេវាសម្ងាត់នៅខាងក្រៅសេតវិមាន កំឡុងបាតុកម្មតវ៉ារកយុត្តិធម៌ឱ្យបុរសស្បែកខ្មៅឈ្មោះ ចច ហ្វ្លយដ៍ (George Floyd) ដែលត្រូវបានប៉ូលិសយកជង្គង់សង្កត់ករហូតដល់ស្លាប់។ នេះបើតាមការដកស្រងការផ្សាយ ពីបណ្ដាប្រព័ន្ធផ្សព្វផ្សាយអាមេរិក នៅរសៀលថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០។

សារព័ត៌មាន New York Times ទើបតែបានរាយការណ៍ថា លោក ដូណាល់ ត្រាំ ត្រូវបានក្រុមមន្ត្រីជម្លៀសខ្លួនទៅកាន់បន្ទប់ក្រោមដីនៃសេតវិមាន ក្រោយក្រុមបាតុករទាញរនាំងការពារចេញពីច្រកទា្វរសេតវិមាន។ ដោយឡែកបើតាមសារព័ត៌មាន CNN លោក ត្រាំ បានស្ថិតនៅក្នុងបន្ទប់ក្រោមដីរយៈពេលមួយម៉ោង មុននឹងត្រឡប់ទៅកាន់វិមានស្នាក់នៅរបស់លោកវិញ។ ប៉ុន្តែមិនទាន់មានការបញ្ជាក់ថា លោកជំទាវទីមួយ មេឡានៀ (Melania Trump) និងកូនប្រុសរបស់លោកឈ្មោះ បារ៉ុន (Barron) បានតាមលោក ត្រាំ ទៅបន្ទប់ក្រោមដីដែរ ឬយ៉ាងនោះទេ ហើយសេតវិមានក៏មិនទាន់អត្ថាធិប្បាយអ្វីឆ្លើយតបទៅនឹង
សេចក្ដីរាយការណ៍ខាងលើនេះនៅឡើយទេ។

គួរជម្រាបថា ទីក្រុងចំនួន ៤០ហើយនៅទូទាំងសហរដ្ឋអាមេរិក បានដាក់ចេញបំរាមគោចរ នៅក្នុងបរិបទដែលបាតុកម្មតវ៉ារកយុត្តិធម៌ឱ្យ George Floyd នៅតែបន្តធ្វើឡើង។ គិតត្រឹមថ្ងៃអាទិត្យមនុស្សយ៉ាងហោច ១,៦៦៩នាក់ត្រូវបានចាប់ខ្លួននៅតាមទីក្រុងចំនួន ២២ រីឯបុរសម្នាក់ត្រូវបានបាញ់សម្លាប់ក្នុងបាតុកម្មនៅរដ្ឋ ឥណ្ឌាណា (Indiana) ហើយប៉ូលិសសហព័ន្ធពីរនាក់ត្រូវបានបាញ់ប្រហារ ក្នុងនោះមានម្នាក់បានស្លាប់នៅទីក្រុង អកលែនដ៍ (Oakland) កាលពីថ្ងៃសុក្រកន្លងទៅ៕









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម