Facebook អះអាងថា «គ្មានការលូកលាន់ពីបរទេសឡើយ» នៅក្នុងបាតុកម្មទូទាំងអាមេរិក ជុំវិញការស្លាប់របស់ Floyd នោះ

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនហ្វេសប៊ុក (Facebook) បានគូសបញ្ជាក់នៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ថាខ្លួនមិនបានមើលឃើញការជ្រៀតជ្រែកណាមួយពីសំណាក់បរទេស ក្នុងការប្រើប្រាស់វេទិការរបស់ខ្លួន ដើម្បីលូកដៃក្នុងបាតុកម្មនៅទូទាំងសហរដ្ឋអាមេរិក ទាក់ទងនឹងការស្លាប់របស់បរុសជនជាតិស្បែកខ្មៅលោក George Floyd នោះឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០។

លោក ណាថានីញែល គ្លៃឆឺ (Nathaniel Gleicher) ប្រធានគោលនយោបាយសន្តិសុខអនឡាញរបស់ក្រុមហ៊ុន Facebook បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «យើងបាននិងកំពុងតាមដានយ៉ាងសកម្ម ហើយយើងមិនទាន់បានឃើញមានការជ្រៀតជ្រែកណាមួយពីបរទេស ឬឥរិយាបទណាមួយដែលមិនសមហេតុផល សំដៅដល់បាតុកម្មទាំងនេះឡើយ»។

ជាលោក Nathaniel Gleicher បានសង្កត់ធ្ងន់ថា «យើងចង់ឲ្យប្រជាជនមានការប្រុងប្រយ័ត្ន កុំប្រញាប់ទៅជឿលើការសន្និដ្ឋានណាមួយ ដោយគ្មានភស្តុតាងច្បាស់លាស់ ជុំវិញករណីជ្រៀតជ្រែកពីបរទេសនេះឲ្យសោះ»។ ទោះជាយ៉ាងណា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ អគ្គរដ្ឋអាជ្ញាសហរដ្ឋអាមេរិក លោក វីលៀម បារ (William Barr) បាននិយាយថា រដ្ឋាភិបាលសហព័ន្ធបានមើលឃើញតួអង្គបរទេស ជ្រៀតជ្រែកក្នុងបាតុកម្មតវ៉ា ដែលកំពុងបន្តរីករាលដាលពាសពេញសហរដ្ឋអាមេរិក ជុំវិញការស្លាប់របស់លោក Floyd។

គួរជម្រាបថា George Floyd បុរសជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកអាយុ ៤៦ឆ្នាំ បានស្លាប់បាត់បង់ជីវិតនៅទីក្រុងមីននាផូលីស (Minneapolis) កាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅនេះ ក្រោយពីកញ្ចឹងករលោក បានស្ថិតនៅក្រោមជង្គង់របស់ប៉ូលីសម្នាក់ អស់រយៈពេលជាង ៨នាទី។ ការស្លាប់របស់បរុសជនជាតិស្បែកខ្មៅនេះ វាបានបង្កជាការខឹងសម្បារជាខ្លាំង ពីសំណាក់ប្រជាជនអាមេរិកថ្នាក់កណ្តាល ដ្បិតតករណីស្រដៀងគ្នានេះ បានកើតឡើងជារើយៗនៅក្នុងសង្គមចម្រុះជាតិសាសន៍មួយនេះ។ បាតុកម្មប្រឆាំងនឹងអំពើរើសអើងពូជសាសន៍ និងពណ៌សម្បុរ បានរីករាលពាសពេញសហរដ្ឋអាមេរិក ដោយបាននិងកំពុងវិវឌ្ឍន៍ពីអហិង្សា ទៅជាហិង្សាគួរឲ្យព្រួយបារម្ភ៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម