ក្រុមហ៊ុនជប៉ុន Fujifilm ពន្យារពេលធ្វើតេស្ត​ថ្នាំព្យាបាលជំងឺ COVID-19 រហូតដល់ខែកក្កដា​ដោយសារខ្វះខាតអ្នកស្ម័គ្រចិត្ត

(តូក្យូ)៖ ក្រុមហ៊ុនជប៉ុនហ្វ៊ូជីហ្វីម (Fujifilm) បានឱ្យដឹងថា ការសិក្សាស្រាវជ្រាវរបស់ខ្លួនលើថ្នាំ អាវីហ្គែន (Avigan ឬ Favipiravir) ជាថ្នាំដែលត្រូវបានគេជឿជាក់ថាមានសក្តានុពលសម្រាប់ ការព្យាបាល COVID-19 អាចនឹងត្រូវអូសបន្លាយពេលរហូតដល់ខែកក្កដាខាងមុខ ហើយនេះនឹងបង្កជាឧបសគ្គថ្មីមួយ ដល់ការពន្លឿនផលិតវ៉ាក់សាំង​របស់ក្រុមហ៊ុនជប៉ុនមួយនេះ។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០។

អ្នកនាំពាក្យក្រុមហ៊ុន Fujifilm ធ្វើការអះអាងបែបនេះ ជាការឆ្លើយតបទៅនឹងសេចក្ដីរាយការណ៍មួយរបស់សារព័ត៌មាន Nikkei ដែលបានចុះផ្សាយថា ការសិក្សាស្រាវជ្រាវ និងការធ្វើតេស្ដលើថ្នាំ Avigan ដោយក្រុមហ៊ុន នឹងត្រូវពន្យាររហូតដល់ខែកក្កដា ឬយូរជាងនេះ ដោយសារតែការខ្វះអ្នកជំងឺស្ម័គ្រចិត្តសម្រាប់ការធ្វើតេស្ដ។ អ្នកនាំពាក្យ រូបនេះបានឱ្យដឹងយ៉ាងខ្លីដូច្នេះថា «វាអាចទៅរួចថាការធ្វើតេស្ដលើមនុស្ស អាចនឹងត្រូវអូសបន្លាយពេលរហូតដល់ខែកក្កដា»។

អ្នកនាំពាក្យខាងលើនេះដដែលក៏បានបញ្ជាក់ដែរថា ក្រុមហ៊ុន Fujifilm មិនទាន់ចេញផ្សាយព័ត៌មានលម្អិត​ពីការធ្វើតេស្ដរបស់ខ្លួនជាផ្លូវការនៅឡើយទេ ប៉ុន្តែខាងក្រុមហ៊ុនកំពុងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីអាចបញ្ចប់ការធ្វើតេស្ដទាំងស្រុង ឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។

គួរជម្រាបថា បើតាមសារព័ត៌មានជប៉ុន Nikkei បន្ទាប់ពីទទួលបានការយល់ព្រមពី​រដ្ឋាភិបាលនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ លើការធ្វើតេស្ដថ្នាំ Avigan កាលពីចុងខែឧសភាកន្លងទៅ ដំបូងឡើយគោលដៅនៃការបញ្ចប់ការធ្វើតេស្ដទាំងស្រុង​គឺនៅក្នុងខែមិថុនានេះ។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវ អាចធ្វើតេស្ដបានតែ ៧០ភាគរយប៉ុណ្ណោះ នៃអ្នកជំងឺដែលបានស្ម័គ្រចិត្ត ហើយដោយសារតែលទ្ធផលធ្វើតេស្ដត្រូវការពេល ២៨ថ្ងៃ ទើបធ្វើឱ្យនីតិវិធសិក្សាស្រាវជ្រាវ និងការធ្វើតេស្ដលើថ្នាំនេះ ត្រូវបានអូសបន្លាយពេលយ៉ាងហោចរហូតដល់ខែកក្កដា៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម