ប្រមុខការទូតកម្ពុជា ចូលរួមកិច្ចប្រជុំពិសេស រវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៉ី ស្ដីពីជំងឺកូវីដ១៩ តាម Video-Conference

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេស រវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងរុស្ស៉ី ស្ដីពីជំងឺឆ្លងកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video-Conference) នៅទីស្តីការក្រសួងការបរទេស។

 កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយសហប្រធានសាធារណរដ្ឋឥណ្ឌូនេស៉ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៉ី នាពេលបច្ចុប្បន្ន និងសហព័ន្ធរុស្ស៉ី។

រដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីការបរទេសសហព័ន្ធរុស្ស៉ី បានផ្លាស់ប្តូរទស្សនគ្នាទៅវិញទៅមក អំពីឧត្តម្មានុវត្តន៍ និងការរៀនសូត្រ ដែលទទួលបានពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតជាសកល និងពិភាក្សាអំពីវិធីសាស្ត្រនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនៅលើគ្រប់វិស័យដែលមានផលប្រយោជន៍រួមគ្នា និងដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន និងរុស្ស៉ី ជាពិសេសលើវិស័យសុខភាពសាធារណៈ។

កិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូនេះ ត្រូវបានរៀបចំឡើងចំពេលវេលាដ៏លំបាក និងមមាញឹក ដោយសារតែបញ្ហាប្រឈមជាសកលនៃជំងឺឆ្លងកូវីដ១៩ ដែលពុំធ្លាប់មានពីមុន ហើយជំងឺឆ្លងនេះ ទាមទារនូវការប្រយុទ្ធប្រឆាំងរួមគ្នា តាមរយៈការរួបរួមគ្នា និងសាមគ្គីភាព ដោយផ្អែកទាំងស្រុងទៅលើគ្រឹះពហុភាគីនិយមដែលមានប្រសិទ្ធភាព។ កិច្ចប្រជុំនេះ គឺជាការបោះជំហានទៅមុខបន្ថែមទៀត នៅក្នុងភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន និងរុស្ស៉ី សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម