WHO ព្រមានពិភពលោក៖ «ការរាតត្បាតនៃជំងឺ COVID-19 កាន់តែអាក្រក់ខ្លាំងឡើងៗហើយ»

(ហ្សឺណែវ)៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គែប្រេយេសឹស (Tedros Adhanom Ghebreyesus) បានថ្លែងនៅថ្ងៃចន្ទសប្តាហ៍នេះថា ស្ថានការណ៍ COVID-19 នៅអឺរ៉ុបបានប្រសើរឡើងវិញហើយ ប៉ុន្តែបើគិតពីពិភពលោកទាំងមូលវិញ គឺជំងឺនេះកំពុងរាតត្បាតកាន់តែអាក្រក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០។

លោក ថេដ្រូស បានបញ្ជាក់ថា ករណីឆ្លងជាង ១៣៦,០០០ករណី ត្រូវបានរាយការណ៍មកកាន់ WHO កាលពីថ្ងៃទី០៧ ខែមិថុនា ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុត សម្រាប់ពិភពលោកទាំងមូល។ គិតត្រឹមថ្ងៃដែលលោកប្រធាន WHO ថ្លែងសុន្ទរកថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ករណីឆ្លងជំងឺ COVID-19 សរុប ៧លាននាក់ និងស្លាប់ ៤០០,០០០នាក់ ត្រូវបានរាយការណ៍។ WHO តាមរយៈតារាងស្ថិតិរបស់ខ្លួនបានឲ្យដឹងថា ប្រទេសជាច្រើននៅតែកំពុងប្រឈមមុខ ការកើនឡើងចំនួនករណីឆ្លង COVID-19 យ៉ាងគំហុក ជាពិសេសតំបន់អាមេរិកឡាទីន និងអាស៊ីខាងត្បូង។

គួរបញ្ជាក់ថា អង្គការ WHO បានអំពាវនាវហើយអំពាវនាវទៀត ឲ្យប្រទេសទាំងឡាយ បន្តចាត់វិធានការប្រកបដោយភាពវិជ្ជមាន ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19។ ឈានចូលដល់ខែទី៦ហើយដែល COVID-19 បានយាយីពិភពលោកទាំងមូល ដូច្នេះវាមិនជាពេលដែលប្រទេសណាមួយ ត្រូវដើរចេញពីវិធានការប្រយុទ្ធប្រឆាំងនោះឡើយ៕




Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម